ក្រចេះ៖ ប្រជាពលរដ្ឋប្រមាណជាង១០០គ្រួសារ កំពុងរអ៊ូរទាំ អំពីភាពអសកម្ម និងការយកតួនាទីរបស់ខ្លួនធ្វើជាមុខរបរកាប់បំផ្លាញព្រៃឈើ យ៉ាងអនាធិបតេយ្យ របស់លោក សេង លី ប្រធានសហគមន៍ព្រៃឈើ (សំពង់) ស្ថិតនៅស្រុកសំបូរ ខេត្តក្រចេះ និង កូនចៅ ចំនួន១០នាក់។
បើតាមប្រភពពត៌មាន ពីប្រជាពលរដ្ឋបានអោយដឹងថា សព្វថ្ងៃ លោក សេង លី តួនាទីរបស់ខ្លួនជាប្រធានសហគមន៍ព្រៃឈើ (សំពង់ )បានដើរធ្វើការបង្ក្រាបម៉ាស៊ីនត្រង់ស៊ឺនរ័អារឈើ របស់ប្រជាពលរដ្ឋ ដែលពួកគាត់ស្នើរសុំ អាឈើបន្តិចបន្ទួចដើម្បីធ្វើផ្ទះសំបែងគ្រាន់ជាទីជំរកក៏ពុំបានផង ទាល់តែមានលុយឲ្យគាត់ទើបគាត់ព្រមដោះលែង។
ជាក់ស្តែងសូម្បីតែ ព្រះសង្ឃស្នើសុំ អាឈើ បន្តិចបន្ទួចយកមកធ្វើវត្ត ធ្វើសាលាឆាន់ ក៏ត្រូវបានលោកប្រធានសហគមន៍រូបនេះ បានចាប់ទាំងគោយន្ត ទាំងឈើចំនួន៦សន្លឹក យកមកដាក់នៅផ្ទះរបស់ខ្លួន ហើយបានប្រាប់ថា បើគ្មានពី ១០០ដុល្លារ ទៅ ២០០ ដុល្លារទេ កុំស្មានថារួចខ្លួន អញនឹងចាប់ទាំងមនុស្សដាក់គុកទៀត ទោះគោយន្តក៏ត្រូវលោក សេង លី ឃាត់ទុកនៅផ្ទះអស់រយៈពេលជាច្រើនថ្ងៃដែរ រហូតដល់មានការអន្តរាគមន៍ពីគណៈកម្មាធិកាវត្ត ព្រះសង្ឃ ព្រមទាំងប្រជាពលរដ្ឋនៅក្នុងភូមិ និងមន្ត្រីជំនាញរដ្ឋាបាលព្រៃឈើសង្កាត់សណ្តាន ទៅជួយសំរបសំរួល ទើបលោក សេង លីដោះលែងគោយន្ត និង៦សន្លឹកឈើនោះវិញ។
បើតាមសំដីរបស់មន្ត្រីរដ្ឋបាលព្រៃឈើដែលបានចុះទៅផ្ទាល់ នៅកន្លែងកើតហេតុបានប្រាប់ប្រជាពលរដ្ឋថា ចំនួនឈើ៦សន្លឹករបស់ព្រះសង្ឃ យកមកធ្វើសាលាឆាន់មិនអាចចាប់ ឬឃាត់ទុកបាននោះទេត្រូវតែប្រគល់អោយ គណៈកម្មាធិកាវត្ត យកទៅសាងសង់បន្តទៀត។
ពលរដ្ឋបានបង្ហើបអោយដឹងទៀតថា បច្ចុប្បន្ននេះ លោក សេង លី ប្រធានសហគមន៍ព្រៃឈើ(សំពង់) កោះច្បារ ស្រុកសំបូរ ខេត្តក្រចេះកំពុងតែដាក់ម៉ាស៊ីនត្រង់សឺនរ័ចំនួន៤ទៅ៥ គ្រឿង សំរាប់អាឈើកូនក្រឡឹងប្រភេទឈើធ្នង បេង និងនាងនួនក្នុង ព្រៃសហគមន៍ ដឹកតាមរទេះក្របី និងគោយកមកទំលាក់នៅមាត់ទន្លេ ដើម្បីដាក់ទូក កាណូត យកទៅលក់បន្តនៅទីរួមស្រុកសំបូរ យ៉ាងគគ្រឹកគគ្រេង។
ប្រជាពលរដ្ឋបានអះអាងគ្រប់ៗគ្នាថា បើជំនាញរដ្ឋបាលព្រៃឈើ ឬ ក៏អង្គការក្រៅរដ្ឋាភិបាល ដែលផ្តល់សិទ្ឋិ និងតួនាទីអោយលោក សេង លី មិនជឿសូមអស់លោកចុះមកពិនិត្យដោយផ្ទាល់ចុះ។
ចុងក្រោយប្រជាពលរដ្ឋក៏សំណូមពរដល់ រាជរដ្ឋាភិបាល ក៏ដូចជា មន្ត្រីជំនាញដែលជាប់ពាក់ព័ន្ធផ្នែករដ្ឋបាលព្រៃឈើខេត្តក្រចេះ មេត្តាពិនិត្យមើលលោក សេងលី ប្រធានសហគមន៍ព្រៃឈើ(សំពង់) ដែលកំពុងធ្វើព្យុះធ្វើភ្ញៀង នៅស្រុកសំបូរ ខេត្តក្រចេះ មកផ្តន្ទាទោសតាមច្បាប់ដើម្បីជាការប្រមានកុំអោយមានអ្នកប្រព្រឹត្តិដូចនេះតទៅទៀត៕
ដោយ ឌឹម សឿន