កំពង់ចាម ៖ នៅព្រឹកថ្ងៃទី២៤ តុលា មនុស្សម្នាក្មេងចាស់ ប្រុសស្រី មកពីតំបន់ត្រើយខាងកើត និងត្រើយខាងលិចទន្លេមេគង្គ ដែលមានចំនួនរហូតដល់រាប់ពាន់នាក់ បានធ្វើដំណើរតាមម៉ូតូ និងរថយន្តគ្រប់ប្រភេទ នាំអ្នកជំងឺខ្វិន និយាយមិនចេញ ព្រមទាំងជំងឺផ្សេងៗទៀត ដែលមានអ្នកខ្លះដាក់រទេះរុញ មករកព្រះអង្គតូចអាយុ២ឆ្នាំ៣ខែ ដែល
ល្បីថា មានបារមីសណ្ឋិត ឱ្យជួយព្យាបាលនៅផ្ទះកុមារនេះ ស្ថិតក្នុងភូមិខ្នុរ ឃុំនាងទើត ស្រុកតំបែរ ដើម្បីសុំថ្នាំបុរាណមកដាំផឹក ព្រោះល្បីថា ធ្វើឱ្យជំងឺបានជាសះស្បើយជាច្រើននាក់មកហើយ ។
ភិក្ខុ ចន ជន ព្រះជន្ម៤៨ឆ្នាំ គង់នៅវត្តទឹកជ្រៅ ស្រុកតំបែរ ដែលនិមន្តមករកថ្នាំពីព្រះអង្គតូច មានថេរដីកាថាព្រះអង្គមានអាការស្អក និងណែនទ្រូងអស់ជាច្រើនថ្ងៃមកហើយ លុះពេលល្បីតគ្នាពីម្នាក់ទៅម្នាក់ លេចឮដល់ព្រះអង្គ ក៏និមន្តមករកថ្នាំព្រះអង្គតូច ដើម្បីព្យាបាលជំងឺ ។ ភិក្ខុអង្គនេះ មានថេរដីកាបន្តថា មានស្ត្រីម្នាក់ឈ្មោះ យ៉េត អាយុជាង៤០ឆ្នាំ មានទីលំនៅចម្ងាយប្រហែល១គីឡូម៉ែត្រ ពីវត្តទឹកជ្រៅ បានឈឺរហូតធ្លាក់ខ្លួនពិការ និយាយមិនចេញអស់រយៈពេល១៧ឆ្នាំមកហើយ លុះពេលមករកព្រះអង្គតូចនេះ សុំថ្នាំទៅដាំទឹកផឹកក៏បានជាសះស្បើយ និយាយបានវិញជាធម្មតា ធ្វើឱ្យសមាជិកគ្រួសារមានសេចក្តីត្រេកអរគ្រប់ៗគ្នា ។ ចំណែកសម្រាប់ព្រះអង្គផ្ទាល់ មានជំនឿមុតមាំថា នឹងជាសះស្បើយដូចគេដូចឯងដែរ ។
លោក អែម សុផាត មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំនាងទើត ឱ្យដឹងថា ព្រះអង្គតូចនេះត្រូវបានបារមីមកគង់សណ្ឋិតក្រោយថ្ងៃភ្ជុំបិណ្ឌ ។ ពីដំបូង កុមារទេពព្យាបាលតាចាស់ម្នាក់នៅក្នុងភូមិខ្នុរ បានជាសះស្បើយពីជំងឺស្ពឹកស្រពន់ រួមទាំងអ្នកផ្សេងៗទៀត ក៏បានល្បីតគ្នាពីមាត់មួយទៅមាត់មួយ ។ ជាក់ស្តែង នៅព្រឹកថ្ងៃទី២៤ តុលា ខណៈ
រូបលោកទទួលបញ្ជាឱ្យមកថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់នៅផ្ទះព្រះអង្គតូច បានឃើញមនុស្សម្នាមកពីគ្រប់ទិសទីជាង៣.០០០នាក់ នាំសមាជិកក្រុមគ្រួសារមករកព្រះអង្គតូចឱ្យជួយព្យាបាលជំងឺ ។ ចំពោះការព្យាបាលគឺនៅវេលាព្រឹកព្រះអង្គតូច (កុមារទេព) ត្រូវនិមន្តចេញទៅរកថ្នាំបុរាណខ្មែររហូតជិតដល់ពេលបាយ ថ្ងៃត្រង់ ទើបចាប់ផ្តើមមើលជំងឺរហូតដល់ម៉ោង៦ល្ងាច ។ មន្ត្រីនគរបាលរូបនេះអះអាងថា រូបលោកត្រូវបានដាក់ឱ្យនៅការពារ២៤ម៉ោង លើ២៤ម៉ោង ដល់ប្រជាពលរដ្ឋមកពីទីឆ្ងាយជិត ដែលអ្នកខ្លះបានដេករង់ចាំរហូតដល់ពេលយប់ផងដែរ ។
សូមបញ្ជាក់ថាកុមារទេពនេះ មានឪពុកឈ្មោះ បាន សុខគង់ អាយុ២៥ឆ្នាំ ម្តាយឈ្មោះ ផាត សឿន អាយុ២១ឆ្នាំ ជាកសិករ ៕ ឌឹម សឿន
» Breaking News, ព័ត៌មានជាតិ » ផ្អើលនាំគ្នាទៅសុំថ្នាំ«ព្រះអង្គតូច»ព្យាបាលជំងឺ