សៀមរាប ៖ មន្ត្រីប៉ូលិសអន្តោប្រវេសន៍ប្រចាំអាកាសយាន ដ្ឋានអន្តរជាតិសៀមរាបមួយរូប ដែលសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា សកម្មភាពនាំនារីខ្មែរក្មេងៗទៅកាន់ប្រទេសចិនតាមច្រក អាកាសយានដ្ឋានអន្តរជាតិសៀមរាបនេះបានកើតឡើងរាប់ខែមក ហើយ ដោយក្នុងមួយថ្ងៃៗមាននារីខ្មែរក្មេងៗស្អាតៗយ៉ាងតិចចាប់ ពី១០នាក់ទៅ១៥នាក់ បានចេញដំណើរទៅប្រទេសចិនតាមរូបភាពទេសចរណ៍ ប៉ុន្តែទើបតែបែកធ្លាយកាលពីពេលថ្មីៗនេះរហូតឈានដល់ការ បង្ក្រាប និងរំដោះបាននារីរងគ្រោះចំនួន៤នាក់ ។ យោងតាមឯកសារថតចម្លងមួយឈុតដែលមានទាំង កំណត់ហេតុ លិខិតឆ្លងដែន ព្រមទាំងរូបថតផងដែរ បានបង្ហាញថា កាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី១៨ តុលា ប៉ូលិសអន្ដោប្រវេសន៍ច្រកអាកាសយានដ្ឋានអន្ដរជាតិសៀមរាបបាន សង្គ្រោះស្ដ្រីខ្មែរចំនួន៤នាក់ ប្រគល់ទៅឱ្យការិយាល័យប្រឆាំងការជួញដូរមនុស្សនៃស្នងការដ្ឋាន នគរបាលខេត្ដ ខណៈជនរងគ្រោះត្រូវបានមេខ្យល់ត្រៀមបញ្ជូនឡើងយន្ដហោះទៅប្រទេស ចិន ។ ឯកសារដែលបានទម្លាយថា នារីរងគ្រោះទាំង៤នាក់នោះត្រូវបានមេខ្យល់ជាជនជាតិខ្មែរ ឈ្មោះ នាង សម្បត្ដិ ភេទប្រុស អាយុ៣០ឆ្នាំ នាំទៅប្រទេសចិន តាមជើងយន្ដហោះ CZ-3054 ពីក្រុងសៀមរាបទៅកាន់ខេត្ដក្វាងចូវ ប្រទេសចិន ដោយបានជួលបុរសម្នាក់ទៀតឈ្មោះ ជា ចេឆេង ស្ថិតក្នុងឯកសណ្ឋានជាប៉ូលិសជាអ្នកនាំពួកនាងឆ្លងកាត់កន្លែង ឆែកលិខិតឆ្លងដែនក្នុងតម្លៃម្នាក់៨០ដុល្លារអាមេរិក គឺទាំងអស់សរុប៣២០ដុល្លារ ។
មន្ដ្រីប៉ូលិសដដែលនិយាយថា នៅគ្រាចាប់ឃាត់ខ្លួននារីទាំង៤នាក់ខាងលើ មេខ្យល់ឈ្មោះ នាង សម្បត្ដិ ក៏នៅទីនោះដែរ ថែមទាំងបានផ្ដិតមេដៃលើកំណត់ហេតុសាកសួរថែមទៀត ។ ប៉ុន្តែក្រោយមកទំនងជាដឹងខ្លួន ក៏លួចរត់គេចពីសមត្ថកិច្ចបាត់ស្រមោល នៅសល់តែជនរងគ្រោះត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងការ ជួញដូរមនុស្ស
ខេត្តដើម្បីបន្តនីតិវិធី ៕
» ព័ត៌មានជាតិ » នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប ជាច្រកឧក្រិដ្ឋជនជួញដូរនារីខ្មែរ