កំពង់ស្ពឺ ៖ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៣ តុលា ប៉ូលិសបានចុះបង្ក្រាបទីតាំងស្តុកនិងទិញម៉ូតូអត់ពន្ធ៣កន្លែង ស្ថិតនៅភូមិក្រាំងពលទេព មួយកន្លែងទៀតនៅក្បែរសាលារៀនឆាយឆុប និងក្បែរមាត់ស្ទឹងព្រែកត្នោត ស្ថិតក្នុងសង្កាត់រកាធំ ក្រុងច្បារមន ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ការចុះបង្ក្រាបនេះ គឺបន្ទាប់ពីសមត្ថកិច្ចជំនាញស្រាវជ្រាវដឹងថា ទីតាំងរបស់ឈ្មោះ ឈុន ហោ មានលាក់ទុកនិងស្តុកម៉ូតូអត់ពន្ធជាច្រើនគ្រឿង ទើបស្នើសុំគោលការណ៍ទៅស្ថាប័នតុលាការ ដើម្បីឱ្យមានការចូលរួមពីសំណាក់លោកព្រះរាជអាជ្ញាធ្វើការឆែក ឆេរ ។ ក្រោយពីចុះឆែកឆេរសមត្ថកិច្ចរកឃើញម៉ូតូជាច្រើនគ្រឿងដែលមិន បានបង់ពន្ធចូលថវិការដ្ឋ ហើយបន្ទាប់ពីពិនិត្យឃើញថា ទីតាំងទាំង៣កន្លែងខាងលើស្តុកនិងទិញលក់ម៉ូតូអត់ពន្ធ សមត្ថកិច្ចក៏នាំយកម៉ូតូទាំងនោះទៅកាន់ស្នងការដ្ឋានខេត្ត ដើម្បីឱ្យម្ចាស់ឈ្មោះ ឈុន ហោ ចូលខ្លួនមកបង់ពន្ធចូលថវិការដ្ឋ ៕