ភ្នំពេញ: កាលពីវេលាម៉ោង ១និង៣០នាទីយប់រំលង អាធ្រត្រ ចូលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៣ ក្រោយជនសង្ស័យទាំងនេះ ធ្វើសកម្មភាព វាយនិង កាប់ទៅលើបុរស រត់ម៉ូតូ ម្នាក់ដើម្បីប្លន់យកម៉ូតូសង់កូរ៉េ តែមិនបាន សម្រេចដោយជនរងគ្រោះ និងប្រជាពលរដ្ឋនៅកន្លែងកើតហេតុ ស្រែក ឆោឡោ។
ករណីបង្ក្រាបក្រុមចោរប្លន់ដោយប្រើដាវសាំម៉ូរ៉ៃខាងលើនេះបានកើតឡើងនៅមុខភោជនីយដ្ឋានទន្លេសាប តាមផ្លូវ ព្រះស៊ីសុវត្ថិ កែងផ្លូវលេខ៩០ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីវេលា ម៉ោង ១២:៣០នាទីយប់រំលងអាធ្រាត្រ ចូលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៣ ហើយក្រោយរយ: ពេល១ម៉ោង ត្រូវបានកម្លាំងអាវុធហត្ថ បង្ក្រាបបាន ខណ:កំពុង ចុះល្បាត។
លោក ថោង ពិសិដ្ឋ បានឲ្យដឹងថា ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង មេបញ្ជាការអាវុធហត្ថ រាជធានីភ្នំពេញ ឲ្យបង្កើនសន្តិសុខ នៅក្នុងមូលដ្ឋាន លោក បានឲ្យកម្លាំងរបស់លោក ចុះល្បាតតាមមូលដ្ឋាន ស្រាប់តែជួបករណីនេះ ហើយតាមចាប់ជនសង្ស័យបានក្នុងរយ:ពេលមួយម៉ោង ក្រោយការរត់គេចខ្លួន។
មន្ត្រីអាវុធហត្ថខណ្ឌដូនពេញ បានឲ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ ចិត្ត វាសនា ហៅចក់អាយុ២២ឆ្នាំ មុខរបរកម្មករ សំណង់ ស្នាក់នៅផ្ទះជួលសង្កាត់ស្រះចក ខណ្ឌដូនពេញ ទី២ ឈ្មោះ ផាន់ ពិសិដ្ឋ ហៅអាស្តាំ អាយុ២៥ឆ្នាំ មុខរបរ បើកបរ ស្នាក់នៅផ្ទះជួល សង្កាត់ស្រះចក ខណ្ឌដូនេពេញ និងទី៣ ឈ្មោះ អិត រិទ្ធី ហៅអូន អាយុ៣៤ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួល សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។ ដោយឡែក ជនរងគ្រោះមានឈ្មោះ សុខ លាប ភេទប្រុស អាយុ៣០ឆ្នាំ មុខរបររត់ម៉ូតូ ស្នាក់នៅផ្ទះជួល សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក៕