ភ្នំពេញ ៖ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលជាគណបក្សទើបតែបង្កើតថ្មី ហើយបានចូលរួមឈរឈ្មោះបោះឆ្នោតនៅអាណត្តិទី៥ តែមិនបានទទួលអាសនៈណាមួយក្នុងសភានោះ បានរិះគន់ទង្វើរបស់គណបក្សសង្គ្រោះជាតិ ដែលមិនចូលរួមប្រជុំសភា ហើយដើរកៀងគរបរទេស និងសូមឱ្យអង្គការសហប្រជាជាតិ ព្យួរអាសនៈរបស់កម្ពុ
ជា កុំឱ្យទទួលស្គាល់រដ្ឋាភិបាល ។
លោក ហួន រាជចំរើន ប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច បានលើកឡើងក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកថ្ងៃទី២១ តុលា នៅភោជនីយដ្ឋានសេវិនប្រាយថា គោលជំហររបស់គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច មិនទទួលស្គាល់ទង្វើរបស់គណបក្សសង្គ្រោះជាតិ ទាំងក្នុងស្រុក និងក្រៅស្រុកឡើយ ។ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ធ្វើសន្និសីទសារព័ត៌មាននាថ្ងៃនេះ ក្នុងបំណងស្នើសុំឱ្យគណបក្សសង្គ្រោះជាតិចូលរួមក្នុងរដ្ឋសភាជាតិ ។
លោក ហួន រាជចំរើន បញ្ជាក់ថា ក្នុងនាមប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច សូមទទូចឱ្យគណបក្សសង្គ្រោះជាតិ ចូលរួមក្នុងរដ្ឋសភា ។ ពេលកន្លងមក តាមការសង្កេតគណបក្សប្រជាជនកម្ពុជា មិនមានកំហុស ព្រោះថា គណបក្សប្រជាជនកម្ពុជា បានធ្វើលិខិតស្នើសុំរហូតដល់ព្រះមហាក្សត្រ ជាព្រះរាជាធិបតីភាពក្នុងកិច្ចប្រជុំសភា
លើកដំបូងនីតិកាលទី១ អាណត្តិទី៥រួចហើយ ប៉ុន្តែផ្ទុយទៅវិញ គណបក្សសង្គ្រោះជាតិ បែរជាមិនចូលរួមនោះ យើងឱ្យកំហុសទៅលើគណបក្សប្រជាជនកម្ពុជា ឬរាជរដ្ឋាភិបាល គឺមិនត្រូវទេ ។
ការធ្វើមហាបាតុកម្មនៅថ្ងៃទី២៣-២៤ និង២៥តុលា របស់គណបក្សសង្គ្រោះជាតិ នោះមិនមែនជាប្រយោជន៍ប្រជាជាតិ និងប្រជាពលរដ្ឋនោះទេ គឺដើម្បីផលប្រយោជន៍របស់គណបក្សខ្លួនក្នុងការកេងចំណេញនយោបាយ របស់ខ្លួនទៅវិញទេ ។ ឆ្លើយតបនឹងការលើកឡើងរបស់ប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋ កិច្ច ត្រូវបានលោក
ញ៉ែម ប៉ុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា លោកគ្មានពេលវេលាក្នុងការឆ្លើយតបចំពោះការលើកឡើងរបស់គណបក្សតូច មួយនោះទេ ។ ទោះបីជាបែបណាលោកសូមឱ្យគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច មើលទៅលើកិច្ចការរបស់គណបក្សសង្គ្រោះជាតិ និងការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ ។ ដូច្នេះ អ្វីដែលគណបក្សសង្គ្រោះជាតិធ្វើ គឺតាមឆន្ទៈរបស់ប្រជាពលរដ្ឋ សូមឱ្យគណបក្សដទៃទៀត បើកភ្នែកមើលព្រឹត្តិការណ៍ក្នុងស្រុកខ្មែរថា ខុសច្បាប់ឬត្រូវច្បាប់ ហើយស្វែងយល់ពីសង្គមខ្មែរបច្ចុប្បន្ន ។
អ្នក នាំពាក្យរូបនេះបន្តថា គណបក្សសង្គ្រោះជាតិ ធ្វើឡើងមិនមែនតាមតែអំពើចិត្ត និងជំហររបស់គណបក្សតែម្នាក់ឯងដូចគណបក្សផ្សេងលើកឡើងនោះទេ ។
ចំពោះគ្រោងការដាក់ញត្តិរបស់គណបក្សខ្មែរ អភិវឌ្ឍន៍សេដ្ឋកិច្ច នេះជាសិទ្ធិរបស់គេ ហើយប្រសិនបើគណបក្សនេះចង់យកញត្តិមកដាក់ជូនគណបក្សសង្គ្រោះជាតិ នោះ គណបក្សសង្គ្រោះជាតិ ស្វាគមន៍ជានិច្ច តែសូមកុំមកតែម្នាក់ឯង គឺត្រូវយកញត្តិដែលមានស្នាមមេដៃរបស់ប្រជាពលរដ្ឋដែលគាំទ្រខ្លួន ពី២ទៅ៣លាននាក់មកជាមួយផង ។ ការស្នើសុំឱ្យគណបក្សសង្គ្រោះជាតិ ចូលរួមក្នុងរដ្ឋសភាជាតិនោះ ជាសិទ្ធិស្វ័យសម្រេចរបស់គណបក្សសង្គ្រោះជាតិទេ មិនចាំបាច់គណបក្សណាមួយមកស្នើសុំនោះឡើយ ៕
» Breaking News, ព័ត៌មានជាតិ » បក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចអន្ទងបក្សប្រឆាំងឱ្យចូលសភា ព្រមានធ្វើមហាបាតុកម្មតបវិញ