ឧត្តរមានជ័យ៖ នាយផ្នែករដ្ឋបាលព្រៃឈើអន្លង់វែង ឃុន ប៊ុនហេង ក្រោយពីមានរឿងអាស្រូវ ជាច្រើននោះឥឡូវនេះក៏មានរឿងអាស្រូវបន្ថែមទៀត ដោយបានបើកដៃឃុបឃិតឲ្យ ក្រុមឈ្មួញធ្វើសកម្មភាពដឹកជញ្ជូនឈើគ្រញូងចេញពីដែនគ្រប់គ្រង របស់ខ្លួនយ៉ាងគគ្រឹកគគ្រេងបំផុត។
លោក ឃុនប៊ុនហេង កាលនៅធ្វើជាមេព្រៃសណ្ដាន់នោះ មានរឿងអាស្រូវមិនចេះចប់ រួចពេលនេះស្រាប់តែមានរឿងអាស្រូវ សាជាថ្មីម្ដងទៀត ហើយថ្នាក់លើក៏សម្រេចចិត្តដកឲ្យទៅកាន់មេព្រៃ បន្ទាយអំពិលខេត្តឧត្តរមានជ័យដោយស្រុកនេះមិនសូវមានឈើល្អៗទេ ដូច្នេះឃុនប៊ុនហេងនៅតែមានករណីឈ្មួញដឹកឈើឆ្លងកាត់ទៅខេត្តបន្ទាយមានជ័យដែរ។ ប៉ុន្តែក្រោយមកលោកឃុនប៊ុនហេងបានត្រូវថ្នាក់លើប្រគល់តំណែងឲ្យ មកកាន់កាប់គ្រប់គ្រងនៅផ្នែករដ្ឋបាលអន្លង់វែងវិញ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១០ឃុនប៊ុនហេងត្រូវបានថ្នាក់លើដកបញ្ឈរជើងខណៈលោក កាន់កាប់តំណែងមេព្រៃសណ្ដាន់ តែក្រោយមកឃុនប៊ុនហេងបានលន់តួថ្នាក់លើ រហូតដល់គាត់បានកាន់ជាមេព្រៃសណ្ដាន់វិញ។
អាចចាត់ទុកថាឃុនប៊ុនហេង រាសីហក់ឡើងវិញព្រោះផ្នែកអន្លង់វែងគឺជា តំបន់ព្រៃឈើដ៏ក្រាស់ ហើយមានក្រុមហ៊ុនដឹកជញ្ជូនឈើជាច្រើនបានរកស៊ី ល្មើសច្បាប់ដែលត្រូវបានក្រុមហ៊ុននីមួយៗប្រើទឹកលុយទិញទឹកចិត្តឃុន ប៊ុនហេង ព្រោះក្រុមហ៊ុននៅតំបន់នោះដឹកឈើអត់មានច្បាប់គ្រប់គ្រាន់ទេ។ ក្រឡេកមើលសកម្មភាពឃុនប៊ុនហេង រឿង
បទល្មើសឈើគ្រញូងជាយូរណាស់មកហើយរហូតដល់ឥឡូវនេះសកម្មភាពក្រុមញ្មួញរកស៊ីដឹកជញ្ជូនឈើគ្រញូងបានកំពុងកើតមានយ៉ាងគគ្រឹកគគ្រេងចេញពីដែនរបស់មេព្រៃរូបនេះ មកខេត្តសៀមរាបតាមផ្លូវលេខ៦៧បន្តទៅលេខ៦ទៅកាន់ខេត្តកំពង់ចាមដោយ សុវត្ថិភាពខណៈសមត្ថកិច្ចនៅតាមផ្លូវនាំគ្នាចាំរាប់ក្បាលឡានយកលុយ ។
ប្រភពបានបញ្ជាក់ថាក្រុមឈ្មួញរកស៊ីដឹកឈើគ្រញូងនោះគឺមានឈ្មោះវ ណ្ណីឈ្មោះម៉ាប់ឈ្មោះដំឈ្មោះចិនឈ្មោះខានិងឈ្មួញជាច្រើនទៀតបាននាំគ្នាសម្រុក ដឹកជញ្ជូនរៀងរាល់យប់បានដោយរលូនដោយសារឃុនប៊ុនហេងស៊ីសំណូក។
នាយរដ្ឋបាលព្រៃឈើ ដែលសំបូររឿងអាស្រូវខាងប្រព្រឹត្តអំពើពុករលួយបូករួមនិងការជួញដូរ ឈើប្រណីតដោយខ្លួនឯងផងនោះ គេចាំមើលលោកអ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីកសិកម្មដែលទើបឡើង កាន់តំណែងថ្មីៗនេះ មានចំណាត់ការយ៉ាងណាចំពោះមន្ត្រីបែបនេះ (លោកឃុន ប៊ុនហេង) ដើម្បី ទុកជាការព្រមានទៅមន្ត្រីខិលខូចផ្សេងៗទៀតនោះ តែបើលោករដ្ឋមន្ត្រីមិនប្រើកណ្តាប់ដៃខ្លះទេ ច្បាស់ជាកេរ្តិ៍ឈ្មោះលោកនៅអាណត្តិនេះ ត្រូវគេចារទុកមិនខាន៕ ដោយ ៖ ព្រហ្ម វិលៀម
» ព័ត៌មានជាតិ » នាយផ្នែកព្រៃឈើលោកឃុន ប៊ុនហេង ដៃម្ខាងជួញដៃម្ខាងចាប់