កំពង់ចាម ៖នារីវ័យក្មេងម្នាក់ត្រូវបានសមត្ថកិច្ចនាំខ្លួនតាមដីការបស់តុលាការ បន្ទាប់ពីមានពាក្យបណ្តឹងរបស់បុរស ជាគូស្នេហ៍ជនជាតិចិនចោទពីបទឆបោកយកទ្រព្យសម្បត្តិពីខេត្តព្រះវិហាររត់គេចខ្លួនមកនៅស្រុកកំណើតឯខេត្តកំពង់ចាម។
មន្ត្រីនគរបាលខេត្តកំពង់ចាម បានឱ្យដឹងថា នារីជាប់សង្ស័យឈ្មោះ សម្បត្តិ អូននីន ហៅ គង់ ដាឡែន អាយុ ២០ឆ្នាំមានទីលំនៅភូមិស្រែលៀម ឃុំជីរោទ៍២ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាមដែលជាស្រីស្នេហ៍របស់បុរសជនជាតិចិន ដោយនាងបាននិយាយថាខ្លួនលួចលុយពីប្រុសស្នេហ៍ជនជាតិចិនតែ ១.៦០០ ដុល្លារ និងទូរស័ព្ទអាយហ្វូន១គ្រឿង
ប៉ុណ្ណោះ។
នគរបាលបានអោយដឹងថា បុរសជនជាតិចិននិងនារីជាប់សង្ស័យ គឺជាគូស្នេហ៍នឹងគ្នាហើយបុរសជនជាតិចិន មិនត្រូវបានគេស្គាល់ឈ្មោះពិតប្រាកដនោះទេតែត្រូវបាននារីជាប់សង្ស័យហៅថា បងឆាយណាៗ ។បុរសជនជាតិបានប្រាប់សមត្ថកិច្ច ក្នុងពាក្យបណ្តឹងថានារីជាស្រីស្នេហ៍ បានលួចលុយអស់ចំនួន ៣.៦០០ ដុល្លារនិងទូរស័ព្ទដៃ
ម៉ាកអាយហ្វូន ១គ្រឿងពេលដែលខ្លួនដេកលក់ ហើយគេចខ្លួនបាត់ស្រមោល ប៉ុន្តែដោយដឹងពីលំនៅឋានរបស់នាង ទើបរូបគេប្តឹងឱ្យនគរបាលចាប់។
កាលពីនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៣ វេលាម៉ោង ១០និង៣០នាទីព្រឹកសមត្ថកិច្ចបានចុះទៅឆែកឆេរផ្ទះរបស់ឈ្មោះ សម្បត្តិ អូននីនហៅ គង់ ដាឡែន ដោយបាននាំខ្លួនស្ត្រីជាប់សង្ស័យមកកាន់ការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល និងដកហូតបានម៉ូតូ១គ្រឿង ម៉ាកហ្ស៊ុយស៊ូគី និក ពណ៌ក្រហមលាយខ្មៅ ប្រាក់ ៧០០ ដុល្លារទូរស័ព្ទម៉ាកអាយហ្វូន១គ្រឿង ហើយកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕
» Breaking News, ព័ត៌មានជាតិ » សាងស្នេហ៍រួមរ័ក្សគ្នាយ៉ាងល្អូកល្អឺន ពេលប្រេះឆាប្តឹងឱ្យចាប់ខ្លួន