ភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា សន្លឹកឆ្នោតចំនួនជាង១២លានសន្លឹក សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៥ នាថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣ខាងមុខ កំពុងត្រូវបានបោះពុម្ពហើយ។
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៣ថា សន្លឹកឆ្នោតចំនួន ១២,៣០៧,១៥០ សន្លឹក ស្មើនឹង ២៤៦,១៤៣ ក្បាល កំពុងផលិតដោយរោងពុម្ពមួយរបស់ក្រុមហ៊ុន លី វ៉ាន់ហុង ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៩ ផ្លូវ ៣៤៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
លោក ទេព នីថា បានបញ្ជាក់ថា ចំនួនសន្លឹកឆ្នោតដែលត្រូវផលិតនេះ គឺផ្អែកតាមចំនួនអ្នកបោះឆ្នោតនៅក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០១២ ដែលមានចំនួន ៩,៦៧៥,៤៥៣ នាក់ បូកបន្ថែមនឹងសន្លឹកឆ្នោតបម្រុង។
បើតាមសេចក្តីប្រកាសព័ត៌មាន សន្លឹកឆ្នោតចំនួន ១១,០៨២,៤០០ សន្លឹក នឹងត្រូវគេប្រើប្រាស់សម្រាប់ការិយាល័យបោះឆ្នោតចំនួន ១៩,០០៩ ការិយាល័យទូទាំងប្រទេសនៅថ្ងៃបោះឆ្នោត។ ហើយសន្លឹកឆ្នោតបម្រុងចំនួន ១,២២៤,៧៥០សន្លឹក នឹងត្រូវរក្សាទុកនៅគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ/ខប)៕