ភ្នំពេញ៖ឆ្លើយតបទៅនឹងការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកស្នេហាវិស័យកីឡាប្រដាល់បុរាណខ្មែរជាតិ និងអន្តរជាតិ ក្នុងព្រឹត្តិការណ៍ “កំពូលអ្នកប្រដាល់ជើងឯក ខេស៊ីមេន វគ្គ 1, 2 និង3” បីរដូវកាលជាប់ៗគ្នាកន្លងមកកាលពីថ្ងៃទី 17 ខែតុលា ឆ្នាំ 2013កន្លងទៅនេះ ក្រុមហ៊ុន ខេ ស៊ីមេន បានរៀបចំសន្និសីទកាសែតមួយនៅស្ថានីយ៍ទូរទស្សន៍ ស៊ីធី
អិន ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់តំណាង ក្រុមហ៊ុន ខេស៊ីមេន សហព័ន្ធកីឡាប្រដាល់កម្ពុជា និងបណ្តាញទូរទស្សន៍កម្ពុជាស៊ីធីអិនដើម្បីប្រកាសពីការឧបត្ថម្ភទាំងស្រុងចំពោះកម្មវិធីប្រដាល់ក្បាច់គុនបុរាណខ្មែរ “កំពូលអ្នកប្រដាល់ជើងឯក ខេស៊ីមេន វគ្គ 4”។
គួររំលឹកផងដែរថា នេះជាព្រឹត្តិការណ៍ដ៏ធំមួយនៅក្នុងប្រវត្តិសាស្ត្រកីឡាប្រដាល់កម្ពុជា ដែលបានកើតឡើងដោយកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាង ក្រុមហ៊ុន ខេ ស៊ីមេន សហព័ន្ធកីឡាប្រដាល់កម្ពុជា និងបណ្តាញទូរទស្សន៍កម្ពុជា ស៊ីធីអិន ដោយបាននាំមកនូវកីឡាករទម្ងន់ 60គីឡូក្រាម ចំនួន 8 រូបដើម្បីធ្វើការប្រកួតអង្រួនសង្វៀនប្រកបដោយភាពស្វិតស្វាញ សម្រាប់អ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរទាំងអស់រីករាយទស្សនាកំសាន្តដោយសេរី រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង 1.00 នាទី រសៀល រហូតដល់ម៉ោង 1.30 នាទីរសៀលចាប់ពីថ្ងៃទី 27ខែតុលា ឆ្នាំ 2013 នេះតទៅ នៅសង្វៀន ស៊ីធីអិន ឬស្សីកែវ។ កីឡាករទាំង 8 រូបដែលនឹងត្រូវចូលរួមប្រកួតរួមមាន៖ កីឡាករ ទេសសំខាន់ នេន វណ្ណា វៀត ប៊ុនឌឿន ង៉ែត រដ្ឋា ឆាយមាស នឿន សាវឌី ផាន សារុន និងកីឡាករ សល់ ពិសិដ្ឋ។
នៅក្នុងសន្និសីទកាសែតនោះ ក៏មានការចាប់គូកីឡាករដែលនឹងត្រូវចូលរួមប្រកួត ការថតរូបអនុស្សាវរីយ៍ និងការថ្លែងសុន្ទរកថារបស់តំណាង ក្រុមហ៊ុន ខេ ស៊ីមេន បណ្តាញទូរទស្សន៍កម្ពុជាស៊ីធីអិន និងសហព័ន្ធកីឡាប្រដាល់កម្ពុជាផងដែរ។ លោក គិត គឹមអ៊នប្រធានផ្នែកលក់ និងជាតំណាងរបស់ក្រុមហ៊ុន ខេ ស៊ីមេន បានមានប្រសាសន៍ថា “ក្រុមហ៊ុន ខេ ស៊ីមេន មានសេចក្តីសោមនស្សរីករាយ និងចង់ឃើញកម្ពុជាអភិវឌ្ឍទៅមុខដោយភាពរឹងមាំ និងមាននិរន្តរភាពជាមួយសមិទ្ធិផលថ្មីៗជាច្រើនបន្ថែមទៀត ជាទីមោទនភាពសម្រាប់ជាតិ ដោយបន្តរក្សានូវអត្តសញ្ញាណជាតិឲ្យបានគង់វង្សជានិរន្តរ៍។ ហេតុនេះហើយទើបក្រុមហ៊ុនបន្តការឧបត្ថម្ភទាំងស្រុងសម្រាប់ព្រឹត្តិការណ៍កីឡាប្រដាល់ដ៏អស្ចារ្យនេះ ដើម្បីបន្តរក្សាឲ្យបាននិងផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយថែមទៀតនូវ
មរតកក្បាច់គុនបុរាណខ្មែរទៅកាន់សកលលោក”។ តំណាងសហព័ន្ធកីឡាប្រដាល់កម្ពុជា លោក តែម ម៉ឺន បានថ្លែងថា “ការបង្កើតកម្មវិធី ជាការលើកទឹកចិត្តមួយដល់កីឡាករប្រដាល់កម្ពុជាហើយលោកស្នើរឱ្យកីឡាករទាំងអស់ប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីឱ្យប្រកួតនាពេលខាងមុខ ហើយអ្នកចាញ់ទទួលស្គាល់ទាំងអស់ចិត្ត ហើយអ្នកឈ្នះពិតជាឈ្នះដោយយុត្តិធម៌”។ ចំណែកលោក លឹម គឹមស្រ៊ុន ដែលជាតំណាងរបស់បណ្តាញទូរទស្សន៍កម្ពុជា ស៊ីធីអិន បានបន្ថែមថា “នេះជាព្រឹត្តិការណ៍ដ៏ធំមួយដែលបង្កឲ្យអ្នកប្រដាល់ ចំនួន ៨ រូបត្រូវប្រគួតប្រជែងគ្នាយករង្វាន់ដែលអាចជួយកែប្រែជីវភាពបាន និងជួយលើកកំពស់វិស័យកីឡាផងដែរ”។
ជាចុងក្រោយនិងជាថ្មីម្តងទៀត សូមប្រិយមិត្តអ្នកស្នេហាវិស័យកីឡាប្រដាល់ក្បាច់គុនបុរាណខ្មែរទាំងអស់កុំខកខានចូលរួមទស្សនាការប្រកួត កំពូលអ្នកប្រដាល់ជើងឯក ខេស៊ីមេន វគ្គ 4 ដែលមាននៅស្ថានីយ៍ទូរទស្សន៍ ស៊ីធីអិន តែមួយគត់ ដើម្បីតាមដានថាតើកីឡាកររូបណាដែលជាជើងឯកក្នុងចំណោមជើងខ្លាំងទាំង 8 រូប។ ការចូលរួមទស្សនារបស់លោកអ្នក គឺជាការជួយគាំទ្រកីឡាប្រដាល់ក្បាច់គុនបុរាណខ្មែររបស់យើង៕
» ព័ត៌មានជាតិ » ក្រុមហ៊ុន ខេ ស៊ីមេន ប្រកាសបើកការប្រកួត “កំពូលអ្នកប្រដាល់ជើងឯក ខេស៊ីមេន វគ្គ 4”