ភ្នំពេញ៖ ក្រោយពីតារាចម្រៀងកញ្ញា យូរី ជាមួយអតីតអ្នកដឹកនាំការសម្ដែងនៅផលិតកម្ម “សាន់ដេ” លោក រ៉េត បានបង្ហាញរូបថតផ្អែមល្ហែមលើគ្រែជាមួយគ្នាដូចប្ដីប្រពន្ធ ហើយបាននិយាយថា នាងក្បត់ចិត្តលោកទៅមានអ្នកមានថ្មី ធ្វើអោយនាងចេញមុខមកបកស្រាយប្រាប់គេហទំព័រក្នុងស្រុកមួយ អោយដឹងថា ការពិតវាមិនដូចលោក រ៉េត និយាយនោះទេ ។
តារាចម្រៀងកញ្ញា យូរី បានប្រាប់ថា នាងពិតជាទទួលស្គាល់ពីទំនាក់ទំនងស្នេហារវាងរូបនាងជាមួយលោក រ៉េត គឺពិតជាមានដូចគេនិយាយមែន ព្រោះមនុស្សប្រុសស្រី តែងមានស្នេហាជារឿងគេចមិនផុតទេ ប៉ុន្តែទំនាក់ទំនងពួកគេបានបញ្ចប់ទៅយូរដែរហើយ ដោយសារបញ្ហាមិនចុះសម្រុងជាមួយគ្នា ពោលគឺនាងបែកចេញពីបុរសរូបនេះយូរហើយ ។
នៅលើបណ្ដាញហ្វេសប៊ុកតាំងពីយប់មិញរហូតមកដល់ព្រឹកនេះមានអ្នកចាប់អារម្មណ៍លើរឿងរ៉ាវស្នេហារបស់ម្ចាស់បទ “ចាក់ទឹកដូង” ជុំវិញរឿងនេះ នាងបន្តអោយដឹងទៀតថា វាបានបញ្ចប់ទៅវិញហើយ ព្រោះនៅមុននេះបន្តិចនាងបានជួបគ្រួសារគាត់តាមទូរស័ព្ទ ដើម្បីនិយាយគ្នា ហើយក្រោយពីចរចាគ្នារួចមក គាត់ក៏បានសន្យាបញ្ឈប់រឿងនេះត្រឹមហ្នឹងដែរ ។ ព្រោះរឿងខ្ញុំបែកពីគាត់គឺបានចប់ហើយ តែរឿងគាត់ថា ព្រោះតែនាងមានថ្មីនោះជាការយល់ច្រឡំ តែប៉ុណ្ណោះ ៕