(ភ្នំពេញ)៖ បុរសបែកថ្នាំដេញកាប់ ឪពុកម្តាយបងប្អូន បានកើតឡើងនៅចំណុចបុរីសុខសាន្ត ផ្ទះលេខ៩E០ ផ្លូវបេតុង ភូមិសង្កាត់ព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧។
បុរសម្នាក់បែកថ្នាំ បានបង្កអុកឡុកដេញកាប់ឪពុក ម្តាយ បង ប្អូន នៅក្នុងផ្ទះរួច គំរាមដុតផ្ទះ និងម៉ូតូចោលថែមទៀត បង្កឲ្យមានការភ័យខ្លាច និងភ្ញាក់ផ្អើល ក៏ត្រូវនគរបាលប៉ុស្តិ៍ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ចុះទៅវាយខ្នោះយកមកសួរនាំចាត់ការតាមនីតិវិធីតែម្តង។
ជនសង្ស័យឈ្មោះ ញឹក សុផាន់ណា អាយុ៣៤ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅផ្ទះលេខ៩E០ ផ្លូវបេតុង ភូមិសង្កាត់ព្រៃព្រីងខាងត្បូងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនរងគ្រោះជាឪពុកឈ្មោះ ញឹក សូផាត អាយុ៦៨ឆ្នាំ មុខរបរមន្ត្រីចូលនិវត្តន៍ មានទីលំនៅផ្ទះលេខ៩E០ ផ្លូវបេតុង ភូមិសង្កាត់ព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
កន្លងមកជនសង្ស័យធ្លាប់ប្រើប្រាស់គ្រឿងញៀន ហើយក៏បានធ្លាប់ប្រើអំពើហិង្សាអុកឡុកក្នុងផ្ទះ ជាច្រើនលើក នៅក្នុងគ្រួសារផងដែរ លុះដល់ម៉ោងកើតហេតុខាងលើ ជនសង្ស័យបានយកកាំបិតប៉័ងតោ ដេញកាប់ប្អូននិងជនឪពុកនៅក្នុងផ្ទះ ហើយបានគំរាមដុតម៉ូតូ និងផ្ទះចោលថែមទៀតផង ធ្វើឲ្យមានការភ័យខ្លាចយ៉ាងខ្លាំង ៕