(ភ្នំពេញ)៖ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧នេះ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រោមការសម្របសម្រួលដោយលោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ចុះឃាត់ខ្លួនជនជាតិវៀតណាម និងជនជាតិចិនដីគោកចំនួន៩៣នាក់ ស្រី៧នាក់ ស្ថិតនៅការដ្ឋានសំណង់ក្នុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនបរទេសជាតិវៀតណាម និងជនជាតិចិនដីគោកចំនួន៩៣នាក់ ស្រី៧នាក់ គឺគ្មានឯកសារត្រឹមត្រូវបានលួចឆ្លងដែន ស្នាក់នៅ និងប្រកបរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវ។
ឃាត់ខ្លួនជនជាតិវៀតណាម៤២នាក់ និងចិន៥១នាក់ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីកសាងសំណុំរឿង ចាត់វិធានការតាមច្បាប់។
បើតាមលោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា «ដោយគិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ រហូតមកដល់បច្ចុប្បន្ន សរុបចំនួន១,០២៥នាក់ ក្នុងស្រី២២៦នាក់ មានចំនួន៣៥សញ្ជាតិ»។ បើលោកឧត្តមសេនីយ៍ ប្រធាននាយកដ្ឋាន ក្នុងចំណោមជនបរទេសដែលអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បណ្ដេញឲ្យទៅប្រទេសដើមវិញនោះ ភាគច្រើនជាជនជាតិវៀតណាម ដែលមានចំនួន៧១២នាក់ ស្រី១៩៥នាក់។
ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីរូបនេះ បានបន្ថែមថា បើទោះបីពេលនេះកម្លាំងជំនាញ បានបណ្ដេញជនបរទេសដែលបាន ចូលមកធ្វើការ និងស្នាក់នៅដោយខុសច្បាប់ពីកម្ពុជា ជាបន្ដបន្ទាប់ទៅហើយក្ដី ប៉ុន្ដែមន្ត្រីជំនាញមិនបោះបង់ចោលការងារនេះទេ ពោលកម្លាំងនគរបាល ក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកអន្តោប្រវេសន៍ នឹងបន្តប្រតិបត្តិការនេះឲ្យដូចភ្លៀងរលឹម។
របាយការណ៍របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានបញ្ជាក់ថា ក្នុងឆ្នាំ២០១៦ កម្លាំងនគរបាលអន្តោប្រវេសន៍សហការ ជាមួយកម្លាំងនគរបាលរាជធានី-ខេត្ត បានចាប់ខ្លួន និងបានបណ្ដេញជនបរទេសខុសច្បាប់ចំនួន២,៩៩៨នាក់ ក្នុងនោះភាគច្រើន ជាជនជាតិវៀតណាម មានចំនួន១,៦៣២នាក់៕