កណ្ដាល៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ បានចុះប្រតិបត្តិការ បង្ក្រាបបទល្មើស គ្រឿងញៀន មួយសម្បុក ដោយឃាត់ខ្លួន ម្ចាស់ហាងខារ៉ាអូខេ យីហោ ជួន គន្ធា ស្ថិតក្នុងភូមិពោធិ៍រលំ ឃុំរការកោង២ ស្រុកមុខកំពូល ខេត្តកណ្ដាល និងឃាត់ខ្លួនជន សង្ស័យ ១៣នាក់ទៀត រួមទាំងគ្រឿងញៀន ១៣កញ្ចប់ ។
ជនសង្ស័យដែលជាម្ចាស់ហាង ខារ៉ាអូខេនោះ ឈ្មោះ យ៉ុន ចន្ថា ភេទប្រុស អាយុ៤៧ឆ្នាំ នៅភូមិពោធិ៍រលំ ឃុំរកាកោង២ និងមានប្រពន្ធឈ្មោះ ជួន គន្ធា ។
ប្រតិបត្តិការនេះសមត្ថកិច្ច បានរឹបអូសវត្ថុតាង រួមមាន ម្ស៉ៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ១៣កញ្ចប់ (តូច១១ និងធំ២កញ្ចប់) សម្ភារៈវេចខ្ចប់ គ្រឿងញៀនមួយចំនួន ។
កន្លងមកជនសង្ស័យ និងប្រពន្ធ បានបើកខារ៉ាអូខេ នៅផ្ទះរបស់ខ្លួន គ្មានបុគ្គលិកបម្រើការទេ ហើយជនសង្ស័យ បានបិទបម្រាម ហាមប្រើប្រាស់ និងជួញដូរគ្រឿងញៀន នៅមាត់ទ្វារ និងក្នុងបន្ទប់ ដោយគិតថ្លៃច្រៀង ១ម៉ោង ១០០០០រៀល ។
ជនសង្ស័យមិនបាន ចេញទៅធ្វើការទេ ពេលនោះមានភ្ញៀវមកច្រៀង ដោយមានក្មេងៗ ៣នាក់ ក្នុងនោះស្រីម្នាក់ រហូតដល់ម៉ោង១០ ជនសង្ស័យ ក៏ចេញពីផ្ទះ ទៅរកជាងមកធ្វើ រ៉ឺម៉ក់អូសម៉ាស៊ីនផ្សារដែក លុះម៉ោង៤រសៀល ខ្លួនបានត្រឡប់ មកផ្ទះវិញ ក៏ឃើញសមត្ថកិច្ច ច្រើននាក់កំពុងត្រួតពិនិត្យ និងឆែកឆេរ តាមបន្ទប់ខារ៉ាអូខេ របស់ខ្លួនរកវត្ថុតាង ។
ក្រោយរកឃើញវត្ថុតាង សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យម្ចាស់ផ្ទះ និងជនសង្ស័យជាភ្ញៀវមកច្រៀង ពាក់ព័ន្ធ១៣នាក់ មកសាកសួរ នៅអធិការដ្ឋាន នគរបាលស្រុកមុខកំពូល ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង១៣នាក់ បានសារភាពថា ខ្លួនពិតជាបាន ប្រើប្រាស់គ្រឿងញៀន ពិតប្រាកដមែន៕