ស្វាយរៀង ៖ ម៉ូតូទំនើបជាច្រើនគ្រឿងត្រូវគេនាំគេចពន្ធពីប្រទេសវៀតណាមចូលមក កម្ពុជា យ៉ាងអនាធិបតេយ្យតាមស្រុកស្វាយទាប ខេត្តស្វាយរៀង។ ពលរដ្ឋអ្នកស៊ីឈ្នួលជិះម៉ូតូអះអាងថា
យ៉ាងហោចណាស់ក្នុងមួយថ្ងៃៗមានមនុស្សជិះម៉ូតូទំនើប ជាច្រើនគ្រឿងដែល គេចពន្ធពីប្រទេសវៀតណាមចូលមកកម្ពុជា យ៉ាងអនាធិបតេយ្យតាមស្រុកស្វាយទាប ខេត្តស្វាយរៀង។ ពលរដ្ឋអ្នកស៊ីឈ្នួលជិះម៉ូតូនិយាយថាពួគគេ គេចពន្ធឆ្លងកាត់ ខេត្តនេះ យកទៅលក់នៅតាមបណ្ដាខេត្តផ្សេងៗបានជាច្រើនគ្រឿងដោយគ្មាការបារម្មណ៍ឡើយ។
អ្នកភូមិនៅស្វាយទាបបានរៀបរាប់ ថា ម៉ូតូដែលគេបានលួចនាំចូលគេចពន្ធទាំងនោះ ភាគច្រើនជាប្រភេទម៉ូតូម៉ាក វ៉េវ (Wave) សាលូត (Salut) ឆ្លាម (Chlam) និងម៉ាក អ៊ែ.អែស.អ៊ិច (RSX) របស់ក្រុមហ៊ុនហុងដា (HONDA) និង យ៉ាម៉ាហា (YAMAHA) ផលិតនៅប្រទេសវៀតណាម។ ម៉ូតូទាំងនោះត្រូវបានគេលួចនាំចូលតាមច្រករបៀងនានានៅស្រុក ចន្ទ្រា រួចគេយកមកលាក់ទុកនៅស្រុកស្វាយទាប រកឱកាសល្អដើម្បីជិះចេញទៅតាមបណ្ដាខេត្តមួយចំនួនក្នុងប្រទេស កម្ពុជា ។
ប្រជាពលរដ្ឋដែលដឹងរឿងខាងលើនេះ ហើយតែងតែរត់ពន្ធម៉ូតូសុំមិនបញ្ចេញឈ្មោះ ម្នាក់ រស់នៅភូមិអំពៅព្រៃ ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងឲ្យដឹងថា ក្រុមអាជីវករនាំម៉ូតូគេចពន្ធ ភាគច្រើនមានទីតាំងនៅផ្ដុំផ្សារប្រសូត្រ ក្នុងស្រុកស្វាយទាប រួចជួលអ្នកភូមិជិះរំលៀងតាមផ្លូវជាតិលេខ១ តម្រង់ទៅខេត្តស្វាយរៀង រួចបត់ឆ្លងកាត់តាមស្រុករមាសហែក ឆ្ពោះទៅខេត្តកំពង់ចាម។
ចំណែកឯប្រជាពលរដ្ឋម្នាក់ទៀតរស់នៅ ស្រុកស្វាយទាប ឲ្យដឹងស្រដៀងគ្នានេះដែរថា តម្លៃម៉ូតូនាំចូលគេចពន្ធពីវៀតណាម ក្នុងមួយគ្រឿងពី ៤០០ ទៅ ៨០០ដុល្លារ ហើយតម្លៃម៉ូតូទាំងនោះទាបខ្ពស់ទៅតាមសេរីរបស់ម៉ូតូ ។
លោកបន្តថា អ្នកជិះម៉ូតូគេចពន្ធរត់ទៅតាមបណ្ដាខេត្ត គេច្រើនធ្វើសកម្មភាពចន្លោះពីម៉ោង ៤ទៀបភ្លឺ រហូតដល់ម៉ោងប្រមាណ ៨ព្រឹក គេជិះបន្តកន្ទុយគ្នាដូចហែកឋិន។ លោកថា សកម្មភាពនេះអាចដំណើរការទៅបានអ្នកជិះម៉ូតូត្រូវបង់ប្រាក់ក្នុង ដំណើរឆ្លងកាត់ផ្លូវទៅឲ្យអាជ្ញាធរប៉ូលិស កន្លែងខ្លះ ២ពាន់ ទៅ ៤ពាន់រៀល ក្នុងម៉ូតូមួយគ្រឿង។
អធិការស្រុកស្វាយទាប លោក ដាំ ឃា ថ្លែងថា អាជ្ញាធរប៉ូលិសពុំទាន់ទទួលបានដំណឹងជុំវិញការរត់ម៉ូតូគេចពន្ធមក ស្តុកទុកនៅស្រុកស្វាយទាប នៅឡើយ ។ សកម្មភាពលួចនាំម៉ូតូពីប្រទេស វៀតណាម គេចពន្ធចូលកម្ពុជា ក្នុងមួយថ្ងៃមានប្រមាណពី ៣០ទៅ ៤០គ្រឿង។ សកម្មភាពនេះបានកើតឡើងតាំងពីមុនបោះឆ្នោតខែកក្កដា ឆ្នាំ២០១៣មកម្ល៉េះ។ ប៉ុន្តែតែអាជ្ញាធរមានសមត្ថកិច្ចមិនបានអើពើឡើយ។ បញ្ហានេះបង្កឲ្យមានការបាត់បង់ដល់ចំណូលថវិកាជាតិជាច្រើនម៉ឺនដុល្លារ៕
» ព័ត៌មានជាតិ » ក្រុមឈ្មួញកំពុងសប្បាយនាំម៉ូតូគេចពន្ធពីវៀតណាម