(កំពង់ចាម)៖ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧ សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់បន្ទាប់ពីបានបំផ្លាញព្រហ្មចារីលើកូនស្រីបង្កើតចំនួន២នាក់ និងបម្រុងរំលោភលើកូនស្រីម្នាក់ទៀត តែនាងបានរើបម្រាស់ស្រែកឱ្យគេជួយទាន់។ហេតុការណ៍នេះបានកើតឡើងនៅឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ជនសង្ស័យឈ្មោះ យូ សាន ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅឃុំកើតហេតុខាងលើ ត្រូវជាឪពុករបស់កុមារីរងគ្រោះទាំងពីរនាក់មាន ទី១-ឈ្មោះ គ ស អាយុ១៨ឆ្នាំ, ទី២-ឈ្មោះ ស ន អាយុ១០ឆ្នាំ កុមារីទាំង២នាក់ជាកូនបង្កើតរបស់ជនសង្ស័យត្រូវបានឪពុកតិរច្ឆាននេះរំលោភជាច្រើនលើកមកហើយ។
ជនសង្ស័យជាអ្នករស់នៅខេត្តកំពង់ធំ បានមកយកប្រពន្ធនៅខេត្តកំពង់ចាម ក្រោយមកបានទៅរស់នៅស្រុកកំណើតខាងប្តីនៅខេត្តកំពង់ធំ បានកូនស្រីចំនួន៣នាក់។ក្នុងនោះកូនបងឈ្មោះ គ ស អាយុ១៨ឆ្នាំ កូនពៅឈ្មោះ ស ន អាយុ៨ឆ្នាំ និងកូនកណ្តាលអាយុ១៥ឆ្នាំ។
ពេលរស់នៅខេត្តកំពង់ធំ ឪពុកតែងតែនាំកូនស្រីបងទៅធ្វើការឆ្ងាយ ជួនកាលដេកនៅខ្ទមចាំចម្ការ ធ្វើឱ្យឪពុកបានឱកាសរំលោភកូនច្បងជាហូរហែ តែកូនមិនហ៊ានប្រាប់ម្តាយព្រោះត្រូវឪពុកគំរាម។ ក្រោយពីរំលោភកូនច្បងហើយ ឪពុកតិរច្ឆានក៏បាននាំកូនពៅទៅចម្ការដេកនៅខ្ទមតែពីរនាក់ ហើយរំលោភកូនពៅដូចកូនបងដែរ។
ទង្វើដ៏លាមកនេះធ្វើឱ្យកូនទាំង២ទ្រាំលែងបាន ក៏បានប្រាប់ម្តាយរបស់នាងធ្វើឱ្យម្តាយមានទុក្ខយ៉ាងខ្លាំង តែមិនហ៊ានប្តឹង ឬប្រាប់គេឡើយ។ ពេលដែលមករស់នៅខាងស្រុកកំណើតខាងប្រពន្ធរយៈពេល២-៣ឆ្នាំនេះនៅខេត្ត កំពង់ចាម ភរិយាអភ័ព្វបានស្លាប់ចោលកូនស្រីទាំង៣នាក់ ឱ្យកំព្រារស់នៅជាមួយឪពុកតិរច្ឆាន។
ក្រោយពីប្រពន្ធស្លាប់បាន៦ខែ បុរសជាឪពុកតិរច្ឆានបានបន្តសកម្មភាពចាប់រំលោភកូនស្រីកណ្ដាលនៅវេលា ម៉ោង២២ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧នេះ តែនាងបានស្រែកឱ្យគេជួយ និងបានឮដល់អ្នកជិតខាង ៕