ភ្នំពេញៈ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចវិហារ គឹម ភឿក ផ្លូវ៣៦៩ ស្ថិតក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ ស៊ុំ វិបុល ហៅ តោ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងភូមិឃុំកើតហេតុ។ ជនរងគ្រោះឈ្មោះ ស្រេង រដ្ឋាវុធ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិវៀតណាម មុខរបរព្រះសង្ឃ ស្នាក់នៅព្រះវិហារកើតហេតុខាងលើ។
នៅមុនពេលកើតហេតុ ជនរងគ្រោះបានចាក់សោទ្វារបង្អួចយ៉ាងត្រឹមត្រូវ ហើយចូលទៅសឹងនៅក្នុងបន្ទប់ដូចសព្វមួយដង។ លុះដល់វេលាកើតហេតុខាងលើ ស្រាប់តែជនសង្ស័យធ្វើសកម្មភាពគាស់ទ្វារព្រះវិហារ លួចយកបានទូរទស្សន៍មួយគ្រឿង ម៉ាកសាំសុង ពណ៌ខ្មៅ ទំហំ៣២អ៊ីញ ក្បាលចាក់វីស៊ីឌីមួយគ្រឿង ជើងពានស្ពាន់មួយគូ ផ្តិលស្ពាន់មួយគូ និងលុយ៥ម៉ឺនរៀល ប៉ុន្តែចៃដន្យជនរងគ្រោះដឹងខ្លួនទាន់ស្រែកថា ចោរ!!! ទើបជនសង្ស័យទម្លាក់ទ្រព្យសម្បត្តិចោលនៅមុខព្រះវិហារ ហើយរត់គេចខ្លួន។ យ៉ាងណា រហូតដល់ម៉ោង១៖៣០នាទី រសៀលថ្ងៃដដែល ជនរងគ្រោះក៏ប្រទះឃើញជនសង្ស័យ ហើយចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចចាត់ការតែម្ដង ៕