កណ្ដាល៖ កាលពីរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ យ៉ាងហោចមនុស្ស៣នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ នៅតាមបណ្តោយផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២៥-២៦ ភ្នំពេញ-អ្នកលឿង ស្ថិតក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
បើតាមរបាយការណ៍សមត្ថកិច្ច ភាគីម៉ូតូម៉ាក សង់កូរ៉េ ធុនសេ១០០ ពណ៌ក្រហម ពាក់ស្លាកលេខ កណ្តាល 1G-2839 បើកបរដោយឈ្មោះ ខៀវ សំបូរ ភេទប្រុស អាយុ៦៨ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ បានរងរបួសធ្ងន់។ ចំណែកភាគីម៉ូតូ១គ្រឿងទៀតម៉ាក វ៉េវអាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BD-4642 ជិះគ្នា២នាក់ មាន១ឈ្មោះ ទូ ស៊ីរ៉ាត ភេទប្រុស អាយុ២៨ឆ្នាំ ជាអ្នកឌុប និង២ឈ្មោះ ស៊ុយ សុផល ភេទប្រុស អាយុ២៧ឆ្នាំ អ្នករួមដំណើរ។ អ្នកទាំងពីរ មានទីលំនៅភូមិខ្សាច់ស ឃុំវិរៈជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង (រងរបួសស្រាល)។
នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ភាគីម៉ូតូម៉ាក វ៉េវ អាល់ហ្វា បានធ្វើដំណើរក្នុងទិសដៅពីកើតមកលិច គឺពីអ្នកលឿង ឆ្ពោះមកភ្នំពេញ។ ពេលបើកមកដល់ចំណុចកើតហេតុ ក៏បានបុកជាមួយម៉ូតូជនរងគ្រោះ ដែលកំពុងបត់ឆ្លងផ្លូវចំពេញទំហឹង បណ្តាលឲ្យដួលរងរបួសធ្ងន់ស្រាល ត្រូវបានរថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ ដឹកយកទៅព្យាបាលនៅភ្នំពេញ ៕