កណ្តាល៖ កាលពីម៉ោងជាង៤រសៀល ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវព្រែកហូរ ឆ្ពោះទៅស្ពានឆ្លងទន្លេបាសាក់ ចំណុចមុខប៉ុស្តិ៍នគរបាលកំពង់សំណាញ់ ស្ថិតក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
បុរសញៀនថ្នាំម្នាក់ ត្រូវក្រុមគ្រួសារនាំមកកាន់ប៉ុស្តិ៍ប៉ូលិស ដើម្បីស្នើសុំឲ្យជួយបំពេញបែបបទនាំយកទៅមណ្ឌលកែប្រែ ប៉ុន្តែនៅខណៈជននេះ ឮម្តាយនិយាយទូរសព្ទជាមួយបងប្អូនថា បញ្ជូនខ្លួនទៅកាន់មណ្ឌលកែប្រែគ្រឿងញៀន ខេត្តបន្ទាយមានជ័យ បែរជាខ្លាច ហើយរត់ចូលរថយន្ត បណ្ដាលឲ្យកិនជើងម្ខាងបាក់ខ្ទេច។ បុរសញៀនថ្នាំរូបនេះ មានឈ្មោះ រតនា ហៅ តូរ៉ូ អាយុ៣១ឆ្នាំ រស់នៅក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ដោយសារបុរសនេះ បានអុកឡុកក្នុងផ្ទះខ្លាំងពេក ទើបម្តាយសម្រេចនាំមកកាន់ប៉ុស្តិ៍នគរបាលកំពង់សំណាញ់ ដើម្បីបំពេញបែបបទ រង់ចាំនាំយកទៅខេត្តបន្ទាយមានជ័យ ដែលជាមណ្ឌលកែប្រែជនញៀនថ្នាំ។ លុះពេលជនរងគ្រោះទៅដល់ប៉ុស្តិ៍នគរបាល បានសាកសួរស្របពេលម្តាយនិយាយទូរសព្ទជាមួយបុរសម្នាក់ ត្រូវកូនក្មួយថា នឹងនាំជនរងគ្រោះទៅដាក់នៅមណ្ឌលកែប្រែគ្រឿងញៀន ស្រាប់តែរូបគេដឹងខ្លួន ហើយរើបម្រាស់ រួចរត់ទៅចូលចំកង់រថយន្តកិនបាក់ជើងខ្ទេច។ ភ្លាមៗ រថយន្តដែលជ្រុលកិនជើងបុរសខាងលើ ក៏មិនបង្អង់យូរដាក់មេប្រូចបាត់ពីកន្លែងកើតហេតុ ៕