កំពង់ចាម៖ គ្រាដែលស្ពានឫស្សី ស្ថិតនៅមុខវត្តដីដុះ សម្រាប់ឆ្លងទៅកោះប៉ែន ត្រូវលាចាកទៅតាមខ្សែទឹកហូរក៏ពិតមែន តែស្ពានកោះមិត្ត គឺអាចអនុញ្ញាតឲ្យប្រជាពលរដ្ឋ ឆ្លងជាបណ្ដោះអាសន្ន ពីកំពង់ចាម ទៅមកកោះមិត្ត ឬកោះប៉ែន រហូតដល់ត្រូវបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាពេលខាងមុខមិនខាន។
ស្ពានឫស្សីកោះប៉ែន ដែលអាចទ្រទម្ងន់បានជាច្រើនតោននោះ ពេលនេះគួរឲ្យសោកស្ដាយ ត្រូវខ្សែទឹកហូរបុកដាច់ទៅហើយ ទោះជាយ៉ាងណាប្រជាពលរដ្ឋក៏មិនជួបនឹងក្តីកង្វល់ដែរ ព្រោះស្ពានកោះមិត្ត ដែលមានប្រវែង៧៧៩ម៉ែត្រ សាងសង់ឡើងដោយក្រុមកងវិស្វកម្ម ក្រសួងការពារជាតិ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ពេលនេះត្រូវបើកឲ្យដំណើរការឆ្លងជាបណ្ដោះអាសន្នបានហើយ។
ដោយឡែកស្ពាន១ខ្សែទៀត ដែលមានប្រវែង១,១៣១ម៉ែត្រ ទទឹង១៣.៥ម៉ែត្រ ពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្លងទៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នឹងចាប់ផ្តើមស្ថាបនាសាងសង់ ក្នុងខែវិច្ឆិកា ឆ្នាំ២០១៧ ហើយគ្រោងបញ្ចប់ក្នុងខែឧសភា ឆ្នាំ២០២០ នាពេលខាងមុខនេះផងដែរ ៕