ភ្នំពេញ ៖ កាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី១៦ តុលា ២០១៣ នៅសួនច្បារក្តាន់២ ភូមិ៨ សង្កាត់មិត្តភាព ខណ្ឌ៧មករា។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះជាម្ចាស់ទូរស័ព្ទដៃឈ្មោះរស់ ពិសិដ្ឋ ភេទប្រុស អាយុ១៩ឆ្នាំ ជាជាងផ្សារដែក ស្នាក់នៅភូមិត្រពាំងសាលា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមិត្តភក្តិម្នាក់ទៀតឈ្មោះគាំ គីមហុង ភេទប្រុស អាយុ២១ឆ្នាំ ជាជាងផ្សារដែក ស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
មុនពេលកើតហេតុយុវជនទាំង២នាក់បានជិះម៉ូតូ ម៉ាកស្មាសវី ពណ៌ខ្មៅមួយគ្រឿងទៅឈប់អង្គុយលេងនៅលើបង់សួនច្បារក្តាន់២ ដោយយកទូរស័ព្ទដៃមកកាន់លេងហ្គេម ស្រាប់តែមានជនសង្ស័យ៥នាក់បានចូលទៅវាយប្លន់យកទូរស័ព្ទដៃធ្វើ ឱ្យមានការប្រវាយប្រតប់គ្នា ស្របពេលនោះប៉ូលិសប៉ុស្តិ៍មិត្តភាព២នាក់ជិះម៉ូតូល្បាតតាមផ្លូវ
ប្រទះឃើញបានចូលទៅជួយអន្តរាគមន៍ ត្រូវជនសង្ស័យតដៃវិញ ទើបសមត្ថកិច្ចបាញ់មួយគ្រាប់ឡើងលើគំរាមធ្វើឱ្យជនសង្ស័យ៤នាក់ ទៀតរត់ចូលតាមផ្លូវរថភ្លើងក្នុងសង្កាត់ស្រះចកបាត់ ចំណែកម្នាក់ទៀតត្រូវសមត្ថកិច្ចឃាត់ខ្លួន និងដកហូតយកទូរស័ព្ទដៃប្រគល់ឱ្យម្ចាស់វិញ៕