ព្រៃវែង: នៅព្រលប់ថ្ងៃទី២៦ឧសភា ឆ្នាំ២០១៧ ថា ពេលនេះមេខ្លោងគ្រឿងញៀនដែលត្រូវជាឪពុកជនសង្ស័យចាប់ខ្លួនមុនដំបូង ស្ថិតក្នុងការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បន្ទាប់ពីប៉ូលិសកម្ពុជានិងវៀតណាមបានសហការចាប់ខ្លួននៅរសៀលថ្ងៃទី២៦ឧសភានេះ ។
លោកស្នងការបញ្ជាក់ថា ” ជនសង្ស័យទាំងពីរនាក់ អាចនឹងត្រូវបញ្ជូនទៅតុលាការនៅថ្ងៃស្អែក ប្រសិនបើយើងបញ្ចប់និតិវិធីសាកសួរ ” ។ ក្រៅពីការចាប់ខ្លួនជនសង្ស័យទាំងពីរនាក់ឪពុក កូន ពេលនេះសមត្ថកិច្ចកម្ពុជា វៀតណាម កំពុងបន្តសហការតាមប្រម៉ាញ់មេខ្លោងធំបន្ថែមទៀត។
បើតាមសមត្ថកិច្ចមេខ្លោងទី២ ដែលត្រូវបានចាប់ខ្លួន ឈ្មោះង្វៀងយ៉ាំងយឹង អាយុ៤៧ឆ្នាំ ជាឪពុករបស់ជនសង្ស័យ ឈ្មោះវៀង វ៉ាងភុក ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិធី ឃុំថុងប៊ិន ស្រុកតឹងហុងដុងថាប់ ប្រទេសវៀតណាម ដែលប៉ូលិសចាប់បានម្សិលមុិញ ពាក់ព័ន្ធថ្នាំញៀន១០០០គ្រាប់ និងម្សៅ៥គីឡូក្រាម ។
ជនសង្ស័យបានសារភាពថា ខ្លួនបានចរាចរគ្រឿងញៀនតាមរថយន្តតាក់ស៊ី ពីភ្នំពេញ ទៅបន្ទាយចក្រី ស្រុកព្រះស្តេច ព្រំប្រទល់កម្ពុជា វៀតណាម ហើយគ្រឿងញៀនទាំងនេះយកទៅលក់ឲ្យមេខ្លោង២នាក់ប្តីប្រពន្ធ ឈ្មោះង្វៀង យ៉ាំងប៊ិន ភេទប្រុស អាយុ៦២ឆ្នាំ និងប្រពន្ធឈ្មោះដូ ធីឌៀបអាយុ៦០ឆ្នាំ រស់នៅភូមិជាមួយគ្នានឹងជនសង្ស័យ ។
ថ្នាំញៀនជាច្រើន ដែលបម្រុងលោតឆត្រចេញទៅវៀតណាម ត្រូវបានសម្លាំងសមត្ថកិច្ចបង្ក្រាបបាន និងឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ជាជនសង្ស័យ កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចច្រកអន្តរជាតិបន្ទាយចក្រី ស្ថិតនៅភូមិកគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង។
លោកឧត្ដមសេនីយ៍ទោ ស្រេង ជា ស្នងការខេត្តព្រៃវែងបានឲ្យដឹងថា ជនសង្ស័យ ដែលឃាត់ខ្លួនឈ្មោះ ង្វៀន វាំងភុក ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិធី ឃុំថុងប៊ិន ស្រុកតាំហុង ខេត្តដុងថាប់ ប្រទេសវៀតណាម មុខរបរបើកឡានពីភ្នំពេញទៅច្រកទ្វារបន្ទាយចក្រី ៕
លោកស្នងការបញ្ជាក់ថា ជនសង្ស័យខាងលើ បានដឹកគ្រឿងញៀនពីភ្នំពេញចេញទៅវៀតណាមតាមច្រកអន្តរជាតិបន្ទាយចក្រី មកដល់ចំណុចខាងលើ ត្រូវបានសមត្ថកិច្ចអន្តោប្រវេសន៍ខេត្តសហការជាមួយអន្តោប្រវេសន៍ច្រកទ្វារធ្វើការឃាត់ខ្លួនបានតែម្ដង៕