ខេត្តរតនគិរី៖ ករណីពន្ធនាគារខេត្តរតនគិរីគឺជាករណីដែលពិសេសជាងគេ ក្នុងចំណោមពន្ធនាគារទូទាំងរាជធានី ខេត្តទាំង២៥ ដែលសម្បូណ៌រឿងអាស្រូវបំផុត តាំងជំនាន់ លោក ងិន ណែល អតីតមេគុក បច្ចុប្បន្នជាចៅហ្វាយក្រុងបានលុង រហូតដល់ជំនាន់ លោក ទីន សុវណ្ណនី ទៀត គឺល្បីខាងអ្នកទោសហែកគុកលួចរត់ និងការប្រព្រឹត្តអំពើពុករលួយនៅក្នុងគុក ជាពិសេសការចែកចាយ និងការសេពគ្រឿងញៀន។
លោក ទីន សុវណ្ណនី ប្រធានពន្ធនាគារខេត្តរតនគិរី ចាប់តាំងពីឡើងកាន់តំណែងមិនទាន់ទាំងបាន៣ឆ្នាំផង បានបង្កើតនូវបញ្ហាជាច្រើនម្តងហើយម្តងទៀតដូចគេរាប់ ដែលរួមមានដូចជា ៖ ការប្រើពាក្យសម្តីអសុរសដាក់មន្ត្រីក្រោមឱវាទ និងទណ្ឌិត ការយកអ្នកទោសជាស្ត្រីទៅឡើងឋានសួគ៌នៅផ្ទះសំណាក់ ការយកអ្នកទោសទៅជួយការងារផ្ទាល់ខ្លួននៅតាមផ្ទះនិងចំការ ការប្រើអ្នកទោសអោយចែកចាយគ្រឿងញៀននៅក្នុងគុក ការសេពគ្រឿងញៀន ការយកកម្រៃលើសេវាមើលទូរទស្សន៍ ការប្រើប្រាស់កង្ហារ ការនិយាយទូរស័ព្ទ និងការសូកប៉ាន់ដើម្បីប្តូរបន្ទប់ឃុំឃាំងដែលមានអ្នកទោសច្រើនចង្អៀតមកបន្ទប់ឃុំឃាំងដែលទូលាយជាដើម។ល។ ដែលកន្លងមក ត្រូវបានមន្ត្រីក្រោមឱវាទ ក៏ដូចជាជនរងគ្រោះដទៃទៀតប្តឹងទៅថ្នាក់លើជាច្រើនលើកមកហើយ ប៉ុន្តែហាក់បីដូចជាមិនមានប្រសិទ្ធភាពទាល់តែសោះ ប្រហែលជាលោកប្រធានគុករៀនសូត្រចេះក្បាច់គុណខ្លាំងដល់កម្រិតហើយ ទើបអាចរក្សាបាននូវខ្សែក្រវ៉ាត់ និងការឈរជើងជាប់នៅលើកៅអីដ៏ស្រស់ស្អាតមួយនេះបានដដែល គួបផ្សំជាមួយនឹងខ្នងដ៏ក្រាស់ និងធនធានដ៏សម្បូរបែបផងមើលទៅ?។
ជាក់ស្តែងកាលពីដើមឆ្នាំ២០១៦ លោក ទីន សុវណ្ណនី ត្រូវបានកូនចៅប្តឹងទៅថ្នាក់លើពាក់ព័ន្ធនឹងក្រមសីលធម៌វិជ្ជាជីវៈក្នុងនាមជាមន្ត្រីរាជការ ការយកអ្នកទោសទៅបម្រើការងារផ្ទាល់ខ្លួន និងការយកអ្នកទោសស្រីទៅដេករួមភេទនៅផ្ទះសំណាក់។ ក្រោយមកនៅក្នុងអំឡុងពាក់កណ្តាលឆ្នាំ២០១៦ លោកប្រធានគុករូបនេះបង្កើតបានបញ្ហាមួយទៀតគឺការល្បួងលួងលោមប្រពន្ធអ្នកទោសដេករួមរ័ក្សជាថ្នូរនឹងការចូលសួរសុខទុក្ខប្តីនៅក្នុងគុក ប៉ុន្តែត្រូវបានស្ត្រីរូបនោះប្រកែកនិងប្តឹងទៅថ្នាក់លើជួយអន្តរាគមន៍។ ក្រោយមកទៀត នៅក្នុងអំឡុងចុងឆ្នាំ២០១៦ ក៏កើតមានករណីអ្នកទោសលួចហែកគុករត់ ដែលរហូតមកដល់ពេលនេះហើយមិនទាន់តាមចាប់ខ្លួនបានមកវិញនៅឡើយ ។ ហើយដែលករណីទាំង៣ខាងលើនេះ លោក ទីន សុវណ្ណនី មិនត្រូវបានទទួលទណ្ឌកម្មផ្នែករដ្ឋបាល ឬក៏ទោសព្រហ្មទណ្ឌអ្វីទាំងអស់ នេះអាចសបញ្ជាក់បានថា លោក ទីន សុវណ្ណនី ពិតជាជើងខ្លាំងម្នាក់មែន ដែលគ្មានថ្នាក់ណាអាចធ្វើស្អីលោកបានឡើយ ឬមួយក៏ថ្នាក់លើត្រូវថ្នាំសណ្តំរបស់គាត់ទេដឹង?។
ជាការកត់សម្គាល់ ភាពជោគជ័យទាំង៣លើករបស់លោកប្រធានគុកខេត្តរតនគិរីនាពេលកន្លងមកនេះ បានធ្វើអោយ លោក ទីន សុវណ្ណនី មានមោទនភាពយ៉ាងខ្លាំង ហើយដើរអួតក្អេងក្អាងលើសដើម គឺជិះសេះលែងដៃតែម្តង និងបានពន្យុះដល់មន្ត្រីក្រោមឱវាទ និងញាតិសណ្តានអ្នកទោសអោយប្តឹងទៅដល់ណាដល់ទៅ លោកមិនខ្លាចឡើយ ព្រោះមិនអាចធ្វើស្អីលោកបានទេ។
លោកប្រធានគុករូបនេះ មិនត្រឹមតែមិនកែប្រែខ្លួនប៉ុណ្ណោះទេ ថែមទាំងផ្គើននឹងការសណ្តោសប្រណីជាច្រើនលើកច្រើនសារពីថ្នាក់លើនាពេលកន្លងមកទៀត ពិតជាមិនធម្មតាមែន ។
មន្ត្រីរាជការនៅក្នុងខេត្ត ក៏ដូចជាមជ្ឈដ្ឋានប្រជាពលរដ្ឋទូទៅ បានលួចខ្សិបខ្សៀវគ្នានៅតាមតុកាហ្វេថា លោក ទីន សុវណ្ណនី មួយករណីនេះទៀត បើរួចខ្លួនទៀតគឺឆ្កែសុទ្ធតែម្តង ទោះបីមានខ្នងប៉ុណ្ណាក៏ដោយ ឬក៏មានលុយច្រើនយ៉ាងណាក៏មិនអាចទប់កៅអីនេះជាប់ដែរ ព្រោះកៀកថ្ងៃបោះឆ្នោតហើយ ម្យ៉ាងទៀត បើខុសច្រើនម្លឹងៗ គ្មានអ្នកធំណាហ៊ានកាងអោយទៀតដែរ ដោយសារតែគេស៊ីលែងឆ្ងាញ់!
នេះបានចំជាជួបគ្រោះធំមែន ទុក្ខជាន់ទុក្ខហើយពេលនេះ អាចជាគ្រោះកំបុតកផងក៏មិនដឹង? យីអ៊ុនដាក់ហើយ អារក្សឆ្លៀតធើទៀត ចុះអីក៏ស៊យអីស៊យយ៉ាងនេះ?សង្ស័យតែគត់ឆ្នាំ ឬឆុងឆ្នាំទេ ទើបជួបរឿងផ្ទួនៗបែបនេះ ឬមួយក៏កន្លងមកធ្លាប់បានពឹងពរនិមន្ត ព្រះសង្ឃ មកសូត្រមន្តរំដោះគ្រោះអោយដែរតែមិនដាច់?។
ប៉ុន្តែទោះបីជាយ៉ាងណាក្តី ពន្ធនាគារមិនមែនជាផ្ទះសម្បែង ឬជាហាងទំនិញ ដែលអាចចេញចូលស្រេចតែចិត្តបានទេ ពីព្រោះជាកន្លែងដែលឃុំខ្លួនអ្នកទោស ដែលមានរបងច្រើនជាន់ មានសោរចាក់គ្រប់ទ្វារ មានការយាមកាមតឹងរ៉ឹង២៤|២៤ម៉ោង និងមានការឆែកឆេរត្រួតពិនិត្យយ៉ាងហ្មត់ចត់ពីសំណាក់ឆ្មាំគុក ដូច្នេះមិនអាចលួចរត់បានងាយៗនោះទេ មានតែករណីត្រូវរ៉ូវគ្នាជាប្រព័ន្ធលួចព្រលែងតែប៉ុណ្ណោះទើបអាចទៅរួច ដែលករណីនេះត្រូវបានគេដាក់ការសង្ស័យថា អាចជាប់ពាក់ព័ន្ធទៅនឹងអំពើពុករលួយផងក៏មិនដឹង ជាថ្នូរនឹងការលួចដោះលែងអ្នកទោសខុសច្បាប់មុនកាលកំណត់?
សង្ឃឹមថា អគ្គនាយកដ្ឋានពន្ធនាគារ ជាពិសេស សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាចាត់ក្រុមការងារពិសេសចុះធ្វើអធិការកិច្ច ចំពោះបទល្មើសអ្នកទោសលួចរត់នេះ និងគួរតែចាត់វិធានការក្តៅចំពោះមន្ត្រីដែលអសមត្ថភាព ឬមន្ត្រីដែលពាក់ព័ន្ធអំពើពុករលួយ ទៅតាមច្បាប់ ដោយគ្មានការលើកលែងឡើយ ដើម្បីពង្រឹងនីតិរដ្ឋនៅកម្ពុជា និងទុកជាគម្រូសម្រាប់ការងារគ្រប់គ្រងពន្ធនាគារដទៃទៀត ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ៕