បន្ទាយមានជ័យ ៖ ហេតុការភ្ញាក់ផ្អើលមួយ កើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១៧ ខែតុលា ២០១៣ ឋិតនៅភូមិកំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ខណៈដែលបុរសម្នាក់បន្ទាប់ពីផឹកស្រាស្រវឹងបានទៅលេងផ្ទះម្ដាយ តែក្រុមគ្រួសារមិនឃើញត្រឡប់មកផ្ទះវិញ លុះព្រឹកឡើងប្រជាពលរដ្ឋប្រទះឃើញសពបុរសអណ្ដែតក្នុងទឹកប្រឡាយ ។
លោក អ៊ឹង ប៉ុក មេប៉ុស្តិ៍សង្កាត់កំពង់ស្វាយ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា បុរសដែលស្លាប់ដោយលង់ទឹកមានឈ្មោះ មុន ទុយ អាយុ៤២ឆ្នាំ រស់នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ប្រពន្ធមានឈ្មោះ ណើ មិត្ត អាយុ៣៩ឆ្នាំ ប្ដីប្រពន្ធនេះមានកូនរហូតដល់ទៅ៦នាក់ ស្រី១នាក់ប្រុស៥នាក់។
លោក អ៊ឺង ប៉ុក បន្តរថា ជនរងគ្រោះផឹកស្រាតាំងពីព្រឹក លុះឈប់ផឹកក៏ទៅផ្ទះម្ដាយនៅភូមិជិតគ្នា លុះម៉ោង៦ល្ងាចក៏បានលាម្ដាយត្រឡប់មកផ្ទះវិញ តែក្រុមគ្រួសារមិនឃើញត្រឡប់មកផ្ទះទេ ប្រពន្ធកូនខំដើររកគ្រប់ច្រកល្ហកដែរតែពុំឃើញ ។ លុះនៅព្រឹកម៉ោង៧ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៣ បុរសម្នាក់ឈ្មោះ ម៉ោង ដាវីត ប្រទះឃើញសាកសពអណ្តែតទឹកប្រឡាយ ក៏ប្រាប់ទៅក្រុមគ្រួសារឲ្យមកមើល ។
បន្ទាប់មក សមត្ថកិច្ចក្រុងសិរីសោភ័ណសហការជាមួយមេប៉ុស្តិ៍ចុះត្រួតពិនិត្យ គឺជនរងគ្រោះពិតជាស្លាប់ដោយលង់ទឹកប្រាកដមែន ពុំមានការពាក់ព័ន្ធនិងអំពើឃាតកម្មអ្វីឡើយ ហើយសមត្ថកិច្ចក៏បានប្រគល់សាកសពជូនក្រុមគ្រួសារទៅធ្វើបុណ្យតាមប្រពៃណី៕