(ពោធិសាត់)៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ ត្រង់ចំណុចព្រៃជើងភ្នំ និងខ្នងភ្នំកន្ទោងរឹម ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
លោក ឧត្តមសេនីយ៍ត្រី ស៊ឹម សាមឿន ស្នងការរងស្នងការដ្ឋានសន្ថិសុខ និងបច្ចេកទេស នៃកងរាជអារវុធហត្ថលើផ្ទៃប្រទេស រុករក និងបង្ក្រាបបទល្មើសព្រៃឈើប្រភេទឈើអារ និងឈើប្រភេទប្រណិតធ្នង់ប្រមាណជិត ១០០ម៉ែត្រត្រីគុណ យកទៅប្រគល់ឲ្យមន្ត្រីបរិស្ថានទីចាត់ការដែនជំរកសត្វព្រៃភ្នំសំកុសអនុវត្តន៍បន្ត។
លោក វរសេនីយ៍ទោ ញឹម នី មេបញ្ជាការរងនៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ដែកបានដឹកនាំកម្លាំងស្រុក និងខេត្តឲ្យដឹងតាមទូរស័ព្ទនាល្ងាច ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ ថា ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើខាងលើ កម្លាំងរិបអូសឈើអារប្រភេទក្រៅលំដាប់ថ្នាក់(រាជកុល)ចំនួន ១៣២ដុំ ស្មើរនឹងចំនួន ៧៥.២៣៨ម៉ែត្រត្រីគុណ និងឈើប្រភេទប្រណិតធ្នង់ចំនួន ១៥៩ដុំ ស្មើរនឹងចំនួន ២.៤០០ម៉ែត្ត្រីគុណ សរុបឈើទាំងពីប្រភេទចំនួន ២៩១ដុំ ស្មើរនឹងចំនួន ៧៧.៦៣៨ម៉ែត្រត្រីគុណ។
លោក វរសេនីយ៍ទោ ញឹម នី មេបញ្ជាការរងបន្តថា វត្ថុតាងឈើអារប្រភេទក្រៅលំដាប់ថ្នាក់(រាជកុល) និងឈើអារប្រភេទប្រណិតធ្នង់ត្រូវបានបង្ក្រាបកម្លាំងរុករកឃើញផ្សេងៗគ្នា ហើយត្រូវបានប្រគល់ឲ្យមន្ត្រីបរិស្ថានទីចាត់ការដែនជំរកសត្វព្រៃភ្នំសំកុស ដើម្បីរក្សាទុកជាបណ្ណោះអាសន្ន និងចាត់ចែងតាមនីតិវិធី ខណៈដែលវត្ថុតាងទាំងនេះនៅគោលដៅនៅឡើយនោះ ប៉ុន្តែកម្លាំងមូលដ្ឋានកងរាជអារវុធហត្ថស្រុកវាលវែងនៅជួយបន្តការងារខាងលើនៅឡើយនោះដែរ។
លោក វរសេនីយ៍ទោ ញឹម នី មេបញ្ជាការរងកងរាជអាវុធហត្ថបន្តទៀតថា នៅល្ងាចថ្ងៃទី២៣នេះ កម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំងកងរាជអាវុធហត្ថផ្ទៃប្រទេស បានដកមកក្រោយមួយជំហានសិន ដើម្បីធ្វើការស្រាវជ្រាវនៅតាមតំបន់ផ្សេងៗ និងសហការបង្ក្រាបជាបន្តបន្ទាប់ទៀត៕