អន្តរជាតិ៖ នៅវេលាម៉ោង ៦ ព្រលប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ ត្រង់ចំណុចក្នុងបន្ទប់ស្នាក់នៅរបស់ពលករខ្មែរ ដែលស្ថិតនៅខាងក្រោយស្ថានីយ៍ប្រេងឥន្ធនៈសាត់កូ ផ្ទះលេខ៧០ ភូមិ៨ ឃុំតានដៀវ ស្រុកកែងខយ ខេត្តសារៈបុរី ប្រទេសថៃ។
មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារឃើញជនជាតិខ្មែរពីរនាក់ ដែលត្រូវជាប្តីប្រពន្ធនឹងគ្នា បានចាក់សម្លាប់គ្នានៅក្នុងបន្ទប់ស្នាក់នៅ រហូតឈាមដាបពេញបន្ទប់ បន្ទាប់ពីគេបានឮសំលេងឈ្លោះ ប្រកែកគ្នាមួយសន្ទុះរួចមក។ ហើយបញ្ហានេះនៅមិនទាន់មានសមត្ថកិច្ចណាមួយ ធ្វើការសន្និដ្ឋានអំពីមូលហេតុបានឡើយ។
នៅមុនពេលកើតហេតុ ពួកគេបានឮប្តីប្រពន្ធទាំងពីរនាក់នេះ ឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង មិនដឹងថាដោយសារមូលហេតុអ្វីនោះទេ ហើយបន្ទាប់ពីសំលេងយំស្រែកស្ងប់ស្ងាត់ ទើបពួកគេមានការសង្ស័យក៏រាយការណ៍ទៅសមត្ថកិច្ច ដើម្បីចុះមកត្រួតពិនិត្យ ជាលទ្ធផលប្រទះឃើញជនទាំងពីរនាក់ ដេកស្លាប់ក្នុងថ្លុកឈាមអស់ទៅហើយ។
សពជនរងគ្រោះទាំងពីរនាក់នេះ គឺជាប្តីប្រពន្ធនឹងគ្នា ដោយមកធ្វើការនៅក្នុងប្រទេសថៃជាយូរមកហើយ ហើយបុរសជាស្វាមីមានឈ្មោះ ម៉ី មឿន អាយុ៣៤ឆ្នាំ និងភរិយា ឈ្មោះ ម៉ី មាសមល អាយុ៣០ឆ្នាំ អ្នកទាំងពីរមានស្រុកកំណើតនៅខេត្តតាកែវ ហើយក្រោយមកក៏បានមករស់នៅក្នុងសង្កាត់ទឹកថ្លា ក្រុងភ្នំពេញ។
ក្រោយពីមានទំនាស់គ្នាយ៉ាងខ្លាំង និងមិនអាចរកវិធីដោះស្រាយ បុរសជាប្តីសម្រេចចិត្តប្រើប្រាស់កូនកាំបិតចិត្តផ្លែឈើ អារកប្រពន្ធស្លាប់ភ្លាមៗតែម្តង បន្ទាប់មកក៏ប្រើប្រាស់កន្សែងចងកខ្លួនឯងភ្ជាប់នឹងកង្ហារពិដាន ប៉ុន្តែការធ្វើអត្តឃាតនេះមិនបានសម្រេច ទើបប្រើកូនកាំបិតដដែលចាក់ទៅលើខ្លួនប្រាណ ដើម្បីសម្លាប់ខ្លួនរហូតបានសម្រេច ៕