ភ្នំពេញៈ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧នេះ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្ដោះអាសន្នដាក់ពន្ធនាគារព្រៃស ក្រោមការចោទប្រកាន់ពីបទរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
ជនត្រូវចោទម្នាក់ ឈ្មោះ ស៊ី ឡាឡយ ហៅ ស៊ី ខាំឡយ ភេទប្រុស អាយុ៤២ឆ្នាំ មានងារជាឧកញ៉ាដែលមានសណ្ឋាគារឈ្មោះ រតនសម្បត្តិ នៅខេត្តរតនគិរី និងម្នាក់ទៀតឈ្មោះ លួន សុផា ភេទប្រុស អាយុ៣០ឆ្នាំ។
មន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានធ្វើសន្និសីទសាព័ត៌មាន ស្តីពីករណីបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំមួយ ដែលបានចាប់ខ្លួនមេក្លោងមានងារជាឧកញ៉ាម្នាក់ ព្រមទាំងបង្ហាញវត្ថុតាងថ្នាំញៀនចំនួនជាង៥៦គីឡូក្រាមផងដែរ។ សន្និសីទនោះធ្វើឡើងក្រោមអធិបតីភាពឧត្តសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងឧត្តមសេនីយ៍ទោ ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ។
ជនសង្ស័យដែលបានបង្ហាញមុខម្នាក់ ឈ្មោះ ស៊ី ឡាឡយ ហៅ ស៊ី ខាំឡយ ភេទប្រុស អាយុ៤២ឆ្នាំ មុខងារជាឧកញ៉ាម្នាក់ នៅខេត្តរតនគិរី(មេក្លោង) ជាអ្នកទទួលដុំមកពីក្រៅប្រទេស និងជាអ្នកលក់ចែកចាយនៅក្នុងស្រុក និងម្នាក់ឈ្មោះ លូន សុផា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ.ឡាវ ដែលជាអ្នកទទួលបញ្ជាពីមេក្លោងក្រៅប្រទេសយកថ្នាំញៀនមកស្តុកទុក និងយកទៅប្រគល់ឲ្យអ្នកទិញ(ស៊ី ឡាឡយ)ជាមេខ្លោងនៅក្នុងប្រទេស។
ឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ បានថ្លែងថា ថ្នាំញៀនដែលសមត្តកិច្ចចាប់យក រួមមាន៣ប្រភេទ ១.ហេរ៉ូអ៊ីន ២.ម៉េតំហ្វេតាមីន (ICE) និង៣.ម៉េតំហ្វេតាមីនគ្រាប់ WY។ ក្នុងនោះ មានថ្នាំញៀនប្រភេទហេរ៉ូអ៊ីនចំនួន១៥គីឡូក្រាម ថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន១២គីឡូក្រាម និងថ្នាំញៀនប្រភេទមេតំហ្វេតាមីនគ្រាប់ ចំនួន២៩គីឡូក្រាម។ ថ្នាំញៀនជាង៥៦គីឡូក្រាមនេះ សង្ស័យជាឧកញ៉ាបញ្ជាទិញ និងនាំចូលមកពីប្រទេសឡាវ តាមខេត្តស្ទឹងត្រែង និងបានយកមកស្តុកទុកក្នុងរាជធានីភ្នំពេញ ដែលជាទីតាំងមួយកន្លែងនៅម្តុំផ្សារថ្មី ខណ្ឌដូនពេញ និងមួយកន្លែងទៀត នៅមុខវត្តសំរោងអណ្តែត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ៕