ភ្នំពេញៈ ភ្ញាក់ផ្អើលតាំងពីម៉ោងជិត៤ រហូតដល់ម៉ោង៦ល្ងាច ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ នៅត្រង់ចំណុចក្នុងទឹកជ្រោះបាត់ស្នេហ៍ ស្ថិតក្នុងភូមិបាក់ទូក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ក្មេងប្រុសរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតមានឈ្មោះ ឌី វិច្ឆិកា អាយុ៧ឆ្នាំ មានឪពុកឈ្មោះ សូ កញ្ញា កើតឆ្នាំ១៩៨៩ មុខរបររត់ម៉ូតូកង់បី និងម្ដាយឈ្មោះ ព្រាប ស្រីនា អាយុ២៧ឆ្នាំ មុខរបរជាកម្មការនីរោងចក្រកាត់ដេរ ស្នាក់នៅជាមួយគ្នាក្នុងផ្ទះជួលមួយកន្លែង ផ្លូវលេខ១០៣ ស្ថិតក្នុងក្រុម៨ ភូមិបាក់ទូក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ និងមានស្រុកកំណើតនៅឯខេត្តស្វាយរៀង។
ក្មេងប្រុសរងគ្រោះខាងលើនេះ មិនមានសតិល្អឡើយ ស្របពេលឪពុក-ម្ដាយមមាញឹកនិងការងារច្រើន «ពោលគឺឪពុកទៅរត់ម៉ូតូកង់បី រីឯម្ដាយទៅធ្វើការជាកម្មករកាត់ដេរ» ទើបនៅមុនពេលកើតហេតុ ម៉ោងប្រហែលជាង៣រសៀល ខណៈមេឃកំពុងភ្លៀងរលឹមស្រិចៗ មានគេឃើញជនរងគ្រោះ បានដើរទៅមាត់ជ្រោះបាត់ស្នេហ៍ និងបានចុះទៅលេងយ៉ាងសប្បាយជាមួយសំបកកង់រថយន្ដ ដែលអណ្ដែតលើផ្ទៃទឹកទៀតផង។ស្រាប់តែមួយសន្ទុះក្រោយក៏បាត់ខ្លួនក្មេងប្រុសរកមើលពុំឃើញឡើយ ដោយសង្ស័យថា ប្រាកដជាអាចលង់ទឹក ហើយក៏មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋមកចោមរោមមើល និងនាំគ្នាចុះជួយរាវរកក្នុងទឹកជ្រោះបាត់ស្នេហ៍រយៈពេលជាង២ម៉ោង រហូតដល់ម៉ោង៦ល្ងាច ក៏រកសពឃើញតែម្ដង។
បន្ទាប់ពីរកសពឃើញ កម្លាំងនគរបាល បានធ្វើការត្រួតពិនិត្យជុំវិញទីតាំងកើតហេតុ និងមានការបំភ្លឺមួយចំនួនតាមជាក់ស្ដែង ពីប្រជាពលរដ្ឋដែលនៅក្បែរនោះ ជនរងគ្រោះជាក្មេងប្រុស ពិតជាបានស្លាប់ដោយសារលង់ទឹក ក្នុងអាការៈមិនមានស្មារតីគ្រប់គ្រាន់ដូចក្មេងៗដ៏ទៃឡើយ ហើយក៏សម្រេចប្រគល់សពជូនសាច់ញាត្តិ ដើម្បីយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕