បាត់ដំបង៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវបែកជា៤ (កណ្តាលភ្លើងស្តុបដំណាក់ហ្លួង) ស្ថិតក្នុងភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង រវាងរថយន្តម៉ាក ហ៊ីណូ ពាក់ស្លាកលេខ ភ្នំពេញ 3D-7128 ជាមួយរថយន្តកូរ៉េរបស់ក្រុមហ៊ុនទឹកកកអនាម័យ សេះហោះ ពាក់ស្លាកលេខ ភ្នំពេញ 3A-2964។
មុនពេលកើតហេតុ គេឃើញមានរថយន្តហ៊ីណូមួយគ្រឿង មានដឹកផ្លែស្វាយពេញទ្រុង បានបើកបរក្នុងទិសដៅពីកើតទៅលិច តាមបណ្តោយផ្លូវជាតិលេខ៥៧ ដែលដឹកចេញពីតំបន់ចម្ការស្វាយ នៅក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ឆ្ពោះទៅផ្សារព្រំ ក្នុងខេត្តប៉ៃលិន។ លុះរថយន្តបើកមកដល់ពាក់កណ្តាលភ្លើងស្តុប ក៏ស្រាប់តែមានរថយន្តមួយគ្រឿង ដែលដឹកទឹកកកពេញផងនោះ បានបោះពួយយ៉ាងលឿនក្នុងទិសដៅខ្វែងគ្នាពីត្បូងទៅជើង ធ្វើឲ្យរថយន្តដឹកផ្លែស្វាយបុកពេញទំហឹងទៅលើជញ្ជាំងរថយន្តធ្វើឲ្យរថយន្តដឹកទឹកកកក្រឡាប់តែម្តង៕