ព្រះសីហនុ ៖ កាលពីថ្ងៃទី២០ និង២១ ឧសភា ឆ្នាំ២០១៧ មានករណីចោរកាច់សោកលួចយកម៉ូតូ ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១១ ពាក់ស្លាកលេខ ព្រះសីហនុ1C-6613 មួយគ្រឿង ជាកម្មសិទ្ធិរបស់ឈ្មោះហង្ស សារាឌី ភេទប្រុស អាយុ១៩ឆ្នាំ ជាសិស្ស បច្ចុប្បន្នរស់នៅក្រុមទី១៤ ភូមិ១ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។
ជនសង្ស័យមានគ្នា៣នាក់ ក្រោយពីធ្វើសកម្មភាព បានជិះរត់ភ្លាមៗនោះ ម្ចាស់បានដឹងទាន់ សហការជាមួយសមត្ថកិច្ចក៏ដេញចាប់បានម្នាក់ ឈ្មោះ ហាន់ ឡេង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរធ្វើចំម្ការ បច្ចុប្បន្នរស់នៅក្រុមទី១៣ ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។ រីឯគ្នីគ្នា២នាក់ទៀត បានរត់គេចខ្លួនទី១,ឈ្មោះ និល និងម្នាក់ទៀតមិនស្គាល់ឈ្មោះ។
រហូតព្រឹកថ្ងៃទី២១ ឧសភា ក្រោមកិច្ចកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌនៃស្នងការនគរបាលខេត្តព្រះសីហនុ សហការណ៍ជាមួយកម្លាំងអធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៤ ធ្វើការស្រាវជ្រាវ ចាប់ខ្លួនបានម្នាក់ទៀតឈ្មោះ ទូច និល ប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិ៣ សង្កាត់លេខ៤ ចំណែកជនសង្ស័យជាបក្ខពួកម្នាក់ទៀតសមត្ថកិច្ចកំពុងតាមចាប់ខ្លួនព្រោះមានតម្រុយហើយ។ បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងដែលចាប់បាន កំពុងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាល តាមចាត់ការតាមនីតិវិធីបន្ត៕