ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី២១ ឧសភា ឆ្នាំ២០១៧ បានបើករថយន្តបុកគោងាប់មួយក្បាល នៅចំណុចលើផ្លូវជាតិលេខ៤ ភូមិត្រពាំងទួល សង្កាត់កាបូល ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
អ្នកបើកបររថយន្តឈ្មោះ ពេជ្រ ចន អាយុ២១ឆ្នាំ ស្នាក់នៅភូមិអង្កាញ់ ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត ។ តៃកុងរថយន្តបានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុខ្លួនបានដឹកអំពៅ ចេញពីស្រុកយកមកលក់ឱ្យម៉ូយនៅផ្សារដើមគ ក្រោយពីលក់អំពៅអស់ហើយ ពួកគេមានគ្នា៣នាក់បានបើករថយន្តម៉ាកសាំយ៉ុង ពណ៌លឿង ពាក់ស្លាក លេខភ្នំពេញ 2L-៧៥០៤ ត្រឡប់ទៅផ្ទះវិញ ខណៈទៅដល់ចំណុចខាងលើ មានសត្វគោ៥ទៅ៦ក្បាលដើរឆ្លងផ្លូវ ធ្វើឱ្យគេជាន់ហ្វ្រាំងមិនទាន់ បណ្តាលឲ្យបុកមេគោមួយក្បាលងាប់ ។ ពេលបុកគោដួលប្រកាច់ងាប់ខ្លួន ចុះរថយន្តឃើញខូចខាតផ្នែកខាងឆ្វេងខ្លាំង តែអត់ឃើញម្ចាស់គោទេ ក៏នាំគ្នាលើកដាក់រថយន្តបម្រុងកាប់យកសាច់ ស្រាប់តែនគរបាលទៅឃាត់ខ្លួនទាំង៣នាក់ និងរថយន្តទុកម្តុំ ៕