ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » សព​កងកម្លាំង​មួក​ខៀវ​កម្ពុជា ៤រូប ដែល​ពលី​ជីវិត​នៅ​អាហ្វ្រិក​កណ្តាល បាន​មកដល់​មាតុភូមិ​វិញ​ហើយ

សព​កងកម្លាំង​មួក​ខៀវ​កម្ពុជា ៤រូប ដែល​ពលី​ជីវិត​នៅ​អាហ្វ្រិក​កណ្តាល បាន​មកដល់​មាតុភូមិ​វិញ​ហើយ

(ភ្នំពេញ)៖ នៅ​ម៉ោង ៨យប់​ថ្ងៃអាទិត្យ ទី២១ ខែឧសភា ឆ្នាំ២០១៧នេះ ក្រោម​សម្រែក​នៃ​ភាព​សោកសៅ យ៉ាង​ក្រៃលែង​ពី​ក្រុមគ្រួសារ និង​ថ្នាក់ដឹកនាំ​ប្រទេស​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន និង​ថ្នាក់ដឹកនាំ​កងកម្លាំងប្រដាប់អាវុធ​ដទៃទៀត។

ដំណើរ​មកដល់​នៃ​សព​របស់​កងកម្លាំង​មួក​ខៀវ​កម្ពុជា​ទាំង ៤រូប ត្រូវបានធ្វើ​ពិធី​ទទួល​ប្រកបដោយ​កិត្តិយស​ខ្ពង់ខ្ពស់​បំផុត​ក្រោម​ការទទួល ដោយផ្ទាល់​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា, ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ, ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ក្រុមគ្រួសារ និង​កងកម្លាំងប្រដាប់អាវុធ​ជាច្រើន​នាក់​ផ្សេង ទៀត។

វត្តមាន​អ្នក​ដែល​មក​ទទួល​សព​កង​កម្លាំង​ទាំង ៤រូបនេះ​នៅឯ​ព្រលានយន្តហោះ​ពិសេស​នេះ មិនថាតែ​ក្រុមគ្រួសារ និង​សាច់ញាតិ​នោះទេ ដែល​បាន​សម្តែង​ការ សោកសង្រេង​អាឡោះអាល័យ​ចំពោះ​ការបាត់បង់​សាច់ញាតិ​របស់ខ្លួន ដែលជា​កូន ជា​ស្វាមី ជា​ឪពុក​ដ៏​ឧត្តុង្គឧត្តម​របស់ខ្លួន​នោះ សូម្បីតែ​ប្រមុខ​ដឹកនាំ រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន ព្រមទាំង​ថ្នាក់ដឹកនាំ និង​អ្នកចូលរួម​ដទៃទៀត​សុទ្ធតែ បាន​សម្តែង​ក្តី​ស្តាយស្រណោះ​អាឡោះអាល័យ ចំពោះ​ការបាត់បង់​នូវ​កុលបុត្រ​របស់​ខ្មែរ​ទាំង៤រូបនេះ។

បន្ទាប់ពី​ពិធី​ទទួល​នេះ​ទៅ សព​វីរៈ​យុទ្ធជន​ខ្មែរ​ទាំង៤រូបនេះ ត្រូវបាន​បញ្ជូនទៅ​រៀបចំ​ធ្វើ​ពិធីបុណ្យ​នៅតាម​គេហដ្ឋានរៀងៗខ្លួន​នៅក្នុង​រាជធានី​ភ្នំពេញ សៀមរាប ពោធិ៍សាត់ និង​ខេត្តស្វាយរៀង ដោយមាន​ការ​ហែរ​ហម​តាមផ្លូវ​ដោយ​កម្លាំង​អាវុធហត្ថ​ជាច្រើន​នាក់ និង​កម្លាំង​នគរបាល​ផងដែរ។

សូម​រំលឹកថា កាលពី​វេលា​ម៉ោង​ប្រមាណ១រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ ម៉ោង​នៅក្នុង​ប្រទេស​កម្ពុជា កងកម្លាំង​មួក​ខៀវ​របស់​កម្ពុជា បម្រើ​ការងារ​នៅ​ប្រទេស​អាហ្វ្រិក​កណ្តាល បាន​រង​ការវាយប្រហារ​ដោយ​ក្រុម​ឧទ្ទាម បណ្តាល​ឲ្យ​កម្លាំង​កម្ពុជា ៤នាក់​ស្លាប់ និង​ម្នាក់ទៀត​រងរបួស។ កងទ័ព​មួក​ខៀវ​កម្ពុជា ដែល​បាន​ពលី​ជីវិត​នោះ​រួមមាន៖ អនុសេនីយ៍ទោ អ៉ឹ​ម សំ អាយុ ៣៧ឆ្នាំ មាន​ស្រុកកំណើត​នៅ​ស្រុក​ពួក ខេត្តសៀមរាប, អនុសេនីយ៍ឯក ម៉ៅ អេង អាយុ ៣៧ឆ្នាំ មាន​លំនៅឋាន​ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ, ព្រិន្ទបាលទោ ស៊ា​ង នរិន្ទ អាយុ ៣៥ឆ្នាំ មាន​លំនៅឋាន​ក្នុង​ខេត្តកំពត និង​លោក​ព្រិន្ទបាលទោ មុំ តុលា មាន​ស្រុកកំណើត​នៅ​ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់។

សម្តេច​តេ​ជោ ហ៊ុន សែន បានចាត់ទុក​ការបាត់​បង់ជីវិត​រប​ស់​កងកម្លាំង​ទាំង ៤រូបនេះ គឺជា​ការបាត់បង់​ដ៏​ធំធេង​មួយ​របស់​ជាតិ​មាតុភូមិ ហើយ​បានចាត់ទុក​ការ​ពលី របស់​ពួកគេ ជាការ​ពលី​ប្រកបដោយ​កិត្តិយស​សម្រាប់​ជាតិ​មាតុភូមិ។

សម្តេច​តេ​ជោ ហ៊ុន សែន ក៏​ធ្លាប់​បានប្រកាស​ដែរ​ថា ការ​ពលី​របស់​កងក​ម្លាំ​ង​កម្ពុជា​ទាំង៤រូបនេះ នឹងមិន​ធ្វើ​ឲ្យ​កម្ពុជា​រាថយ​ក្នុងការ​ប្រយុទ្ធ ជាមួយ​អំពើ​ភេ​រកម្ម នោះឡើយ ហើយ​កម្ពុជា នឹង​បន្ត​ជំរុញ និង​ចូលរួម​កាន់តែ​ខ្លាំងក្លា​ថែមទៀត​ជាមួយ​អង្គការសហប្រជាជាតិ​ក្នុង​បេសកកម្ម ស្វែងរក​សុខសន្តិភាព ជូន​មនុស្សជាតិ​លើ​ពិភពលោក។

សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បានចេញ​បទបញ្ជា​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ឲ្យ​រៀបចំ​ពិធីបុណ្យ​ជូន​សព​វីរៈ​យុទ្ធជន​ទាំង ៤រូប​ឲ្យ​បាន​អធិក អធម​សមនិង​មហា​កិត្តិយស​របស់​ពួកគេ​ផងដែរ។

បើតាម​លោក សែម សុ​វ​ណ្ណី អគ្គនាយក នៃ​មជ្ឈមណ្ឌល​កងកម្លាំងរ​ក្សា​សន្តិភាព បោះ​សំអាត​មីន និង​គ្រាន់​មិនទាន់​ផ្ទុះ បាន​ឲ្យ​ដឹងថា សព​វីរៈ​យុទ្ធជន​ទាំង ៤រូប នឹង​ទទួលបាន​សំណង​ប្រមាណ ៧ម៉ឺន​ដុល្លារ​ក្នុង​មួយ​សព​ពី​អង្គការសហប្រជាជាតិ។ ការប្រគល់​សំណង​ជូន ក្រុមគ្រួសារ​សព នឹងធ្វើ​ឡើង​នៅ ក្រសួងការបរទេស​ក​ម្ពុ​ជា ក្រោម​អធិបតីភាព​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស នៅពេល​សមស្រប​ណាមួយ។

សូម​រំលឹកថា សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា គឺជា​អ្នក​ដែល​បាន​សម្រេចចិត្ត​ដោយផ្ទាល់​ក្នុង​ការបញ្ជូន​កងកម្លាំង​របស់​កម្ពុជា ដើម្បី​ចូលរួម​រក្សាសុខ​សន្តិភាព​នៅតាម​បណ្តា​ប្រទេស​មាន​វិបត្តិ​ដោយសារ​ភ្លើងសង្គ្រាម​ក្រោម​ទង់​របស់​អង្គការសហប្រជាជាតិ​កាលពី​ឆ្នាំ២០០។ ការសម្រេចចិត្ត​ចាត់​បញ្ជូន​កងទ័ព​កម្ពុ​ជា​ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព​នាពេលនោះ គឺជា​ការឆ្លើយតប​ទៅតាម​ការអំពាវនាវរ​បស់ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ហើយ​ត្រូវបាន​ធ្វើឡើង ខណៈដែល​កម្ពុជា​ខ្លួនឯង​កំពុង​ប្រឈម​និង​បញ្ហា​គ្រោះថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​យ៉ាងធ្ងន់ធ្ងរ​នៅឡើយ។

សម្តេច​តេ​ជោ​ធ្លាប់បាន​បញ្ជាក់ថា ការសម្រេច​នោះ គឺជា​ការសម្រេច​ដ៏​សំខាន់​មួយ​ដែល​រូប​សម្តេច​ផ្ទាល់​ជា​អ្នកទទួលខុសត្រូវ​ចំពោះ​មុខ​ប្រវត្តិសាស្ត្រ​ប្រទេសជាតិ និង​ប្រជាជន​កម្ពុជា​ទាំងមូល។ សម្តេច​តេ​ជោ ក៏​ធ្លាប់បាន​បញ្ជាក់ដែរថា ក្នុងឋានៈ​ជា​រដ្ឋ​សមាជិក​អង្គការសហប្រជាជាតិ ជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​អូ​តា​វ៉ា ជាពិសេស​ក្នុងនាម​ជា​ប្រទេសមួយ​ដែល​បាន​ឆ្លងកាត់​សង្គ្រាម​បំផ្លិចបំផ្លាញ​ដ៏​រ៉ាំរ៉ៃ កម្ពុជា​ចាំបាច់​ត្រូវតែ​ខិតខំ​ចែករំលែក​កងកម្លាំង​បោសសម្អាត​មីន​របស់ខ្លួន ដើម្បី​ទៅ​រួមចំណែក​សម្រាលទុក្ខ​លំបាក​ជួយ​ដល់​ប្រទេស​ផ្សេង ដែល​កំពុង​ប្រឈម​និង​គ្រោះថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ដូច​កម្ពុជា​ដែរ។ នេះ​គឺជា​ការសម្រេចចិត្ត​មួយ​ដែល​ឆ្លុះបញ្ចាំង​ឱ្យឃើញថា កម្ពុជា​មិន​ត្រឹមតែ​គិតគូរ​អំពី​ប្រជាជាតិ​ខ្លួន​នោះទេ ប៉ុន្តែ​ថែមទាំង​បានរួម​ចំណែក​គិតគូរ​ដល់​សុខទុក្ខ​ប្រជាជាតិ​ផ្សេងទៀត​នៅលើ​ពិភពលោក។ ជា​ឆន្ទៈ​ដ៏​មោះមុត​របស់​កម្ពុជា ក្នុងការ​សំដែង​សាមគ្គី​ភាពជា​អន្តរជាតិ និង​រួមវិភាគទាន​ដល់​កិច្ចប្រឹងប្រែង​របស់​សហ​គម​ន៍​អន្តរជាតិ ដើម្បី​បុ​ព្ធ​ហេតុ​សន្តិភាព សន្តិសុខ និង​មនុស្សធម៌​នៅលើ​ពិភពលោក។

បន្ទាប់ពី​ការសម្រេចចិត្ត​ដ៏​លំបាក​នេះ​នេះ កាលពី ១១ឆ្នាំមុន ពោលគឺ​ថ្ងៃ​ដែល​កងទ័ព​កម្ពុជា​ចេញទៅ​បំពេញបេសកកម្មរ​ក្សស​ន្តិ​ភាព​លើកដំបូង​នៅ​ប្រទេស​ស៊ូដង់ សម្តេច​បាន​ជូន​ដំណើរ​ដល់​កងវរសេនាធំ​បោសសម្អាត​មីន​កម្ពុជា ដោយផ្ទាល់។ បេសកកម្ម​ជា​លើកដំបូង​បង្អស់​របស់​កងទ័ព​មួក​ខៀវ​កម្ពុជា​នាពេលនោះ បាន​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​នៃ​ការរួមចំណែក​របស់​ក​ម្ពុ​ជា​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ។

កិ​នាយ​ឧ​ត្ត​សេនីយ៍ សែម សុវណ្ណនី អគ្គនាយក នៃ​មជ្ឈមណ្ឌល​កងកម្លាំងរ​ក្សា​សន្តិភាព បោះ​សំអាត​មីន និង​គ្រាន់​មិនទាន់​ផ្ទុះ​បាន​ថ្លែង​ឲ្យ​ដឹងថា កិច្ចការ​បញ្ជូន​កងក​ម្លាំ​ង​នេះ បាន​វិវឌ្ឍន៍​ជា​បន្តបន្ទាប់​ឥតឈប់ឈរ​ដោយបាន​ចាប់ផ្តើម​ពី​កង​បោសសម្អាត​មីន​មាន​ចំនួន​ត្រឹម ១៣៥នាក់​នៅ​ប្រទេស​ស៊ូដង់​កាលពី​ឆ្នាំ២០០៦ មកដល់​ពេលបច្ចុប្បន្ន កម្ពុជា បាន​បញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព​បាន ៤,៦៨៩នាក់ ហើយ។

បើ​នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី ជា​មធ្យម​ក្នុង​មួយឆ្នាំ​កម្ពុជា បញ្ជូន​កងកម្លាំង ៨០០នាក់ ទៅ​បំពេញបេសកកម្ម​រក្សា​សន្តិភាព​នៅ​តំបន់​អាហ្វ្រិក មជ្ឈិមបូព៌ា និង​អឺរ៉ុប​ពោលគឺ​នៅ​ស៊ូដង់ ,ស៊ូដង់​ខាងត្បូង, ឆាដ, សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល, លី​បង់, ស៊ី​រី, ម៉ាលី និង នៅលើ​កោះ​ស៊ី​ប៕

1 fn-2017-05-21-21-21-53-8 fn-2017-05-21-21-21-54-11 fn-2017-05-21-21-21-54-12 fn-2017-05-21-21-21-54-17 fn-2017-05-21-21-21-55-25 fn-2017-05-21-21-21-55-27

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya