(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧នេះថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នឹងធ្វើសន្និសីទសារព័ត៌មាន នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាពេលទទួលសពកងទាហានមួកខៀវ ចំនួន៤រូប ដែលបានពលីជីវិត នៅប្រទេសអាហ្វ្រិកកណ្តាល។
លោក ខៀវ កាញារីទ្ធ បានសរសេរយ៉ាងដូច្នេះថា «នៅវេលាល្ងាចនេះ (២១ ឧសភា ២០១៧) ពេលទទួលសពកងទាហានមួកខៀវ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងមានធ្វើសន្និសីទកាសែត នៅពោធិ៍ចិនតុងតែម្តង ។ សូមអ្នកសារព័ត៌មានអញ្ជើញចូលរួម ឬ អាចតាមដានតាមទូរទស្សន៍នានា ដែលនឹងកាច់យកពីទូរទស្សន័បាយ័ន។ ទទក នឹងផ្អាកការផ្សាយរបស់ គជប ដើម្បីផ្សាយពីព្រឹត្តការណ៍នេះ»។
សពរបស់កងកម្លាំងមួកខៀវកម្ពុជាទាំង៤រូប នឹងមកដល់ទឹកដីកម្ពុជា នៅម៉ោង៨៖០០នាទីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧នេះ ដោយត្រូវបានធ្វើពិធីទទួលប្រកបដោយកិត្តិយសខ្ពង់ខ្ពស់បំផុត ក្រោមការទទួល ដោយផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ, លោកទេសរដ្ឋ រដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រុមគ្រួសារ និងកងកម្លាំងប្រដាប់អាវុធជាច្រើននាក់ផ្សេងទៀត។
កាលពីវេលាម៉ោងប្រមាណ១រំលងអធ្រាត្រឈានចូលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ ម៉ោងនៅក្នុងប្រទេសកម្ពុជា កងកម្លាំងមួកខៀវរបស់កម្ពុជាបម្រើការងារនៅប្រទេសអាហ្វ្រិកកណ្តាល បានរងការវាយប្រហារដោយក្រុមឧទ្ទាម បណ្តាលឲ្យកម្លាំងកម្ពុជា ៤នាក់ស្លាប់ និងម្នាក់ទៀតរងរបួស។ កងទ័ពមួកខៀវកម្ពុជា ដែលបានពលីជីវិតនោះរួមមាន៖ អនុសេនីយ៍ទោ អ៉ឹម សំ អាយុ ៣៧ឆ្នាំ មានស្រុកកំណើតនៅស្រុកពួក ខេត្តសៀមរាប, អនុសេនីយ៍ឯក ម៉ៅ អេង អាយុ ៣៧ឆ្នាំ មានលំនៅឋានក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ, ព្រិន្ទបាលទោ ស៊ាង នរិន្ទ អាយុ ៣៥ឆ្នាំ មានលំនៅឋានក្នុងខេត្តកំពត និងលោកព្រិន្ទបាលទោ មុំ តុលា មានស្រុកកំណើតនៅស្រុកកណ្តៀង ខេត្តពោធិ៍សាត់៕