ភ្នំពេញៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៨ និង២០នាទីយប់ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចផ្លូវកម្ពុជាក្រោម ស្តុបណានជីង ស្ថិតនៅក្នុងសង្កាត់ មិត្តភាព ខណ្ឌ ៧មករា។
រថយន្តម៉ាក ម៉ាសឺដេស មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2L-9773 ដោយសារតែអ្នកបើកបរស្រវឹង បានបើកបរបុកនៅក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរថយន្តក្រឡាប់ ផ្ងារជើងទាំងបួនឡើងលើ។
រថយន្តខាងលើបានបើកក្នុងទិសដៅពីលិចទៅកើត តែម្នាក់ឯង តាមបណ្តោយផ្លូវកម្ពុជាក្រោម លុះមកដល់ចំណុចកើតហេតុ ក៏បានបុកជាមួយក្បាលនាគ ពុះចែកទ្រូងផ្លូវដោយសារតែអ្នកបើកបរស្រវឹងពេក។
ក្រោយកើតហេតុម្ចាស់រថយន្តបានដោះអាវ និងបានគំរាមបោកម៉ាស៊ីនថតរបស់អ្នកសារព័ត៌មាន ដែលបានចុះទៅថតរូប ក្នុងគ្រោះថ្នាក់ចរាចរណ៍នេះផងដែរ ខណៈសមត្ថកិច្ចក៏ទៅដល់កន្លែងកើតហេតុផងដែរ ដើម្បីចុះវាស់វែង និងសម្រួលចរាចរណ៍៕