ភ្នំពេញ ៖ យ៉ាងហោចណាស់មនុស្សចំនួន ១៧៨នាក់បានស្លាប់ និង៦៨៣នាក់របួសនៅក្នុងខែមេសាឆ្នាំ២០១៧ ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស នេះបើតាមរបាយការណ៍ របស់គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកក្នុងខែមេសា ។
លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួង សាធារណៈនិងដឹកជញ្ជូន បានលើកឡើង ក្នុងកិច្ចប្រជុំបូកសរុប ផលទ្ធត្រួតពិនិត្យ អនុវត្តច្បាប់ចរាចរណ៍ផ្លូវ ប្រចាំខែមេសា នារសៀលថ្ងៃទី១៨ ឧសភា ថា គ្រោះថ្នាក់ ចរាចរណ៍ ខែមេសាឆ្នាំ២០១៧បានកើតឡើងចំនួន៣៧៤លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន១៧៨នាក់ និងរបួស ៦៨៧នាក់ ភាគច្រើននៅរាជធានីភ្នំពេញ ស្លាប់២២នាក់ បន្ទាយមានជ័យ ១៦នាក់ កំពង់ធំ១៤នាក់។
ទិន្នន័យបើធៀបរយៈពេលដូចគ្នាក្នុងខែមីនា គ្រោះថ្នាក់កើនឡើង៦២លើកស្មើ២០% ស្លាប់កើន១៦នាក់ ស្មើ៥% និងអ្នករបួសកើន២២៦នាក់ ហើយប្រៀបធៀបខែមេសាឆ្នាំ២០១៦គ្រោះថ្នាក់កើនចំនួន១៦លើក ស្លាប់ថយចុះ ៩នាក់ ស្មើ៥% និងអ្នករបួសថយចំនួន៤៧នាក់ ស្មើ៧% ។
លោកស្រីបានឲ្យដឹងទៀតថា ក្នុងចំណោមអ្នកស្លាប់ ក្នុងខែមេសាឆ្នាំ២០១៧ ចំនួន១៧៨នាក់ ភាគច្រើនជា អ្នកជិះម៉ូតូ ចំនួន១៤១នាក់ ស្មើ៧% (ប្រភេទ១២៥សេសេចុះក្រោម) ក្នុងនោះមិនពាក់មួយ សុវត្ថិភាព មានចំនួន១១៧នាក់ ស្មើ៨៣% ។ ករណីគ្រោះថ្នាក់ត្រូវបានដោះស្រាយចប់ចំនួន១៦៣ករណី បញ្ចូន ទៅតុលាការ ចំនួន៨៧ករណី និងកំពុងអង្កេត ៨២ករណី។
លោកស្រីថា សរុបការពិន័យចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ ដល់ថ្ងៃទី៣០ ខែ មេសាឆ្នាំ២០១៧ មានចំនួន ជាង២ពាន់៥រយលានរៀល ៕