សៀមរាប៖ នៅវេលាម៉ោង៩ និង៨នាទី យប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ បុរសម្នាក់ត្រូវគេស្គាល់ថា ជាបុគ្គលិកផ្នែកឱសថការី បម្រើការងារនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានបើកឡានទៅបុកកង់មួយគ្រឿង បណ្ដាលឲ្យស្ត្រីម្នាក់រងរបួស ហើយ បានតេទូរស័ព្ទទៅ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងថ្នាក់ដឹកនាំខេត្តផ្សេងទៀត មកជួយអន្តរាគមន៍ គ្រោះថ្នាក់ចរាចរណ៍នេះ នៅចំណុចម្ដុំស៊ុបកោះកេរ ស្ថិតក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ។
បុរសដែលបង្កគ្រោះថ្នាក់ចរាចរណ៍នេះ ឈ្មោះ នឿត ប៊ូ ណា អាយុ៤៣ឆ្នាំ មុខរបរបុគ្គលិក ផ្នែកឱសថការី មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ជិះរថយន្តម៉ាក RAV4 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២AB-៩៩៨១ មានទីលំនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានបើកឡាន បុកកង់ពីក្រោយពេញទំហឹង ក្នុងទិសដៅស្របទិសគ្នា បានធ្វើឲ្យស្ត្រីម្នាក់ ឈ្មោះ ភួង ណាត អាយុ១៩ឆ្នាំ មុខរបរបុគ្គលិកភោជនីយដ្ឋាន រី ស្តាចេក ស្ថិតនៅចំនុចស្តុបកោះកេរ រងរបួស ។
សេចក្តីរាយការណ៍ បានបញ្ជាក់ថា ក្រោយកើតហេតុ ជនបង្កបានទូរស័ព្ទទៅលោក ឃឹម ប៊ុនសុង និងថ្នាក់ដឹកនាំមួយចំនួនទៀត ក្នុងខេត្តសៀមរាបទាំងមូល មកជួយអន្តរាគមន៍ផងដែរ ៕