កណ្ដាល៖ នៅវេលាម៉ោង៥ និង២០នាទី ល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ បុរសម្នាក់បានបែកក្បាលចេញឈាមស្រោចខ្លួន បន្ទាប់ពីទៅទារលុយ និងជេរប្រមាថ កូនបំណុលរបស់ខ្លួន ហើយត្រូវកូនបំណុលខឹង ក៏ទាញដំបងវាយក្បាលតែម្ដង ស្ថិតនៅភូមិព្រែកតាហ៊ីង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ។
ជនរងគ្រោះដែលត្រូវកូនបំណុលវាយឈ្មោះ ស្រស់ បញ្ញា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាហ៊ីង ឃុំព្រែកថ្មី មុខរបរកសិករ រងរបួសត្រង់ថ្ងាសខាងឆ្វេង ។ ចំណែកជនសង្ស័យឈ្មោះ ងី ស៊ីព ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងភូមិ-ឃុំជាមួយគ្នា មុខរបរជាងដែក ។
ជនរងគ្រោះបានទៅទារលុយពីឈ្មោះ ទេព ផល្លា ហៅកាក់ ដែលជាកូនបំណុល នៅតារាងបាល់ទះក្នុងភូមិ ដោយនិយាយទារលុយ និងបានប្រើពាក្យសម្ដីជេរប្រមាថ រួចក៏ជិះម៉ូតូត្រឡប់ទៅផ្ទះបាត់ទៅ ។ ពេលនោះកូនបំណុល បានជិះម៉ូតូ បម្រុងទៅផ្ទះជនរងគ្រោះ ដើម្បីប្រាប់រឿងហេតុដល់ម្ដាយជនរងគ្រោះ ហើយក៏បានឲ្យជនសង្ស័យឈ្មោះ ងី ស៊ីព ត្រូវជាប្អូនថ្លៃ ជូនទៅផ្ទះជនរងគ្រោះ ។
នៅពេលដែលពួកគេទៅដល់ស្រាប់តែ ឃើញជនរងគ្រោះ បានដើរចេញពីក្រោមផ្ទះ ដោយក្នុងដៃមានកាន់ប៉ែលមកជាមួយ ខណៈនោះជនសង្ស័យ ក៏បានទាញយកដំបងឈើឫស្សីពីក្រោមដើមស្វាយ មកកាន់ក្នុងដៃ ហើយពេលដែលជនរងគ្រោះដើរមកដល់ ឈ្មោះ ងី ស៊ីព ក៏បានយកដំបងឫស្សី វាយទៅលើជនរងគ្រោះ ចំថ្ងាសខាងឆ្វេង បណ្ដាលឲ្យបែកចេញឈាមតែម្ដង រួចហើយរត់គេចទៅផ្ទះរបស់ខ្លួន ។
បន្ទាបមកជនរងគ្រោះបានទៅប្តឹងសមត្ថកិច្ច ក្រោយទទួលបានពាក្យបណ្ដឹង សមត្ថកិច្ចបានចុះឃាត់ខ្លួនជនសង្ស័យ ងី ស៊ីព មកកាន់អធិការដ្ឋាននគរបាល ស្រុកកោះធំ ដើម្បីសួរនាំ ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ ងី ស៊ីព បានសារភាពថា ខ្លួនពិតជាបានយកដំបងឈើឫស្សី វាយទៅ លើឈ្មោះ ស្រស់ បញ្ញា ១ដំបង ចំថ្ងាស បណ្ដាលឲ្យបែកចេញឈាមប្រាកដមែន ៕