កំពង់ឆ្នាំង ៖ បុរសជាឪពុកម្នាក់ស្រវឹងស្រាជោកជាំមានទំនាស់ពាក្យសម្តីបន្តិចបន្ទួចជាមួយកូនប្រុស ឈានដល់កើតអំពើហិង្សាក្នុងគ្រួសារ ដោយយកដំបងជ្រុងវាយកូនបង្កើតខ្លួនឯង បណ្តាលឱ្យរងរបួសធ្ងន់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី១៥ តុលា នៅភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌។
បើតាមលោកអនុប្រធានភូមិត្រពាំងចាន់បានឱ្យដឹង ថា យុវជនរងគ្រោះឈ្មោះផូ ដឹក អាយុ៣០ឆ្នាំ ត្រូវឪពុកវាយបាក់ខ្ទង់ច្រមុះ បាក់ធ្មេញ និងរបួសជាច្រើនកន្លែងធ្ងន់ធ្ងរ ចំណែកបុរសជាឪពុកឈ្មោះកែ ធែល អាយុ៥៦ឆ្នាំ មានប្រពន្ធឈ្មោះសុខ សុខា អាយុ៤៩ឆ្នាំ។
ក្រោយកើតហេតុយុវជនរងគ្រោះត្រូវគេបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យ រីឯបុរសជាឪពុកត្រូវបាននាំទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសួរនាំ ។ ទោះបីជាយ៉ាងណាគេនៅមិនទាន់ដឹងមូលហេតុច្បាស់លាស់ដែលឈានដល់ ប្រើហិង្សាក្នុងគ្រួសារនេះនៅឡើយទេ ព្រោះជនរងគ្រោះកំពុងព្យាបាល ចំណែកឪពុកមិនទាន់ស្វាងស្រានៅឡើយ ៕