ឧត្តរមានជ័យៈ ហេតុការណ៍គ្រោះថ្នាក់នេះ កើតឡើងកាលពីរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ នៅត្រង់ចំណុចភូមិបន្ទាយចាស់ ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
រថយន្តបង្កគ្រោះថ្នាក់ម៉ាកនីសាន់ ពណ៌ស គ្មានស្លាកលេខ សណ្តោងរ៉ឺម៉កពីក្រោយដឹកទឹកសុទ្ធលក់។ អ្នកបើកបរឈ្មោះ អូន មករា ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ចំណែកស្ត្រីរងគ្រោះឈ្មោះ សុន ម៉ៅ អាយុ២៣ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ។
គេបានឃើញរថយន្តខាងលើ បើកតាមផ្លូវជាតិដឹកទឹកសុទ្ធលក់ធម្មតា លុះដល់កន្លែងកើតហេតុ ដោយផ្លូវមានសភាពទឹករលក ហើយរថយន្តបើកលឿនផង បណ្តាលឲ្យហើបកង់មុខហើយធ្លាក់មកវិញ ក៏បានរ៉េចង្កូតធ្លាក់ប្រឡាយ និងបន្តជ្រុលទៅបុកជនរងគ្រោះ ដែលកំពុងដេកក្នុងអង្រឹងក្រោមម្លប់ឈើមុខផ្ទះ បណ្តាលឲ្យរបួសធ្ងន់។ ចំណែករថយន្ត និងរ៉ឺម៉កបានក្រឡាប់ផ្ងារជើង ។
អ្នកបើកបរបានរត់គេចខ្លួនបាត់ ចំណែកស្ត្រីរងគ្រោះបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង ក៏បានស្លាប់តែម្តង ៕