បាត់ដំបង ៖ បុរសម្នាក់ជាមន្ត្រីនគរបាលស្រុកកំរៀងស្រវឹងធ្លាក់ភ្នែក បើករថយន្តលឿនដូចព្យុះហើយបានផ្ទុះកង់មុខក្រោយ រេចង្កូតទៅបុកបុរសម្នាក់ទៀតកំពុងឈរនិយាយទូរស័ព្ទមុខផ្ទះ បណ្តាលឲ្យរងរបួសធ្ងន់ ។ករណីនេះកើតឡើងកាលពីម៉ោង២និង១៥នាទីរសៀល ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៣ នៅក្នុងភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។
មន្ត្រីចរាចរណ៍ស្រុកកំរៀងសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា រថយន្តបង្កម៉ាកកាមរី ស៊េរី១៩៩៥ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ2C-6885 បើកបរដោយ ឈ្មោះ អែម ខន អាយុប្រហែល៥២ឆ្នាំ ជាមន្ត្រីនគរបាលស្រុកកំរៀង រងរបួសធ្ងន់ និងអ្នករួមដំណើរឈ្មោះ មួន ហេះ អាយុ៥២ឆ្នាំ របួសស្រាល ។ ចំណែកជនរងគ្រោះមានឈ្មោះ វឿង សាវង្ស អាយុ៣១ឆ្នាំ រងរបួសធ្ងន់បាក់ឆ្អឹងជំនីរឆ្វេង និងរបួសជើង មានទីលំនៅភូមិ-ឃុំកើតហេតុ។
ប្រភពបានឲ្យដឹងថា រថយន្តបង្កបើកយ៉ាងលឿនក្នុងទិសដៅ ពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ស្រាប់តែផ្ទុះកង់ ធ្លាក់ ផ្លូវទៅបុកដើមស្វាយ រួចបន្តទៅបុកបុរសម្នាក់កំពុងឈរនិយាយទូរស័ព្ទនៅមុខផ្ទះបណ្តា លអោយរងរបួសទាំងអស់គ្នាតែម្តង។
ប្រភពបានបញ្ជាក់ថា ឈ្មោះ អែម ខន ជាមន្ត្រីនគរបាលស្រុកកំរៀង ឧស្សាហ៍បើករថយន្តក្រឡាប់ណាស់ គាត់ល្បីឈ្មោះជាងគេនៅស្រុកកំរៀង។ បច្ចុប្បន្ន រថយន្តបង្កត្រូវបានរក្សាទុកនៅអធិការស្រុកដើម្បីដោះស្រាយ ៕
» ព័ត៌មានជាតិ » បានស្រាចូលពោះ ទោះនគរបាលក៏បញ្ជាខ្លួនឯងលែងនឹង បើករថយន្តបុកអ្នកឈនិយាយទូរស័ព្ទមុខផ្ទះរងរបួសធ្ងន់