ភ្នំពេញ៖ ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ចុះថ្ងៃទី១ ខែតុលា ឆ្នាំ២០១៣ បានត្រាស់ បង្គាប់តែងតាំងលោក ញឹក ប៊ុនឆៃ អគ្គលេខាធិការគណបក្សហ្វ៊ុនស៊ិនប៉ិច ជាទីប្រឹក្សារាជរដ្ឋាភិបាល ឋានៈស្មើឧបនាយករដ្ឋមន្ត្រី បន្ទាប់ពីអតីតមេទ័ពរាជានិយមមួយនេះ បាត់ឱកាសជាអ្នកតំណាងរាស្ត្រនៅនីតិកាលសភាទី៥នេះ។
ចាប់តាំងពីចងសម្ព័ន្ធភាពយ៉ាងស្និទ្ធជាមួយនឹងគណបក្សប្រជាជនដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន រួចមក លោក ញឹក ប៊ុនឆៃ ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី ចាប់តាំងពីក្រោយការបោះឆ្នោតឆ្នាំ២០០៣ និងឆ្នាំ២០០៨។ ក៏ប៉ុន្តែសម្រាប់រដ្ឋាភិបាលអាណត្តិទី៥ នេះ លោក ញឹក ប៊ុនឆៃ និងមន្ត្រីជាន់ខ្ពស់របស់គណបក្សហ្វ៊ុនស៊ិនប៉ិចផ្សេងទៀត មិនត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ក្នុងរដ្ឋាភិបាលទៀតទេ ព្រោះគណបក្សហ្វ៊ុនស៊ិនប៉ិច របស់លោក ញឹក ប៊ុនឆៃ មិនទទួលបានអាសនៈមួយសោះឡើយ ក្នុងការបោះឆ្នោតជាតិ កាលពីថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៣។
អគ្គលេខាធិការគណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ ត្រូវបានតែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាល ដោយមានឋានៈស្មើនឹងឧបនាយករដ្ឋមន្ត្រី ព្រះរាជក្រឹត្យដែលតែងតាំង លោកញឹក ប៊ុនឆៃ ត្រូវបានព្រះមហាក្សត្រឡាយព្រះហស្តលេខា នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៣នេះ ដោយធ្វើឡើងតាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។
លោក ញឹក ប៊ុនឆៃ គឺជាអគ្គលេខាធិការគណបក្សហ្វ៊ុនស៊ិនប៉ិច ហើយប្រធានរបស់គណបក្សរាជានិយមនេះ គឺសម្ដេចរាជបុត្រី នរោត្តម អរុណ រស្មី ដែលជាព្រះរាជាបុត្រីពៅនៃអតីតព្រះមហាក្សត្រ សម្ដេចឪ នរោត្តម សីហនុ។
បញ្ជាក់ថា គណបក្សហ្វ៊ុនស៊ិនប៉ិច ដែលចូលរួមប្រកួតប្រជែងសន្លឹកឆ្នោត នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥ ថ្ងៃទី២៨ ខែកក្កដាកន្លងមក មិនទទួលបានអាសនៈមួយឡើយ។ មកដល់ពេលនេះ ស្រាប់គេឃើញមានព្រះរាជក្រឹត្យតែមួយគត់ដែលទាក់ទងនឹងការតែងតាំងមន្ត្រីជាន់ខ្ពស់គណបក្សហ្វ៊ុនស៊ិនប៉ិច គឺលោក ញឹក ប៊ុនឆៃ ធ្វើជាមន្ត្រីរាជដ្ឋាភិបាលនៃអាណត្តិថ្មី របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន៕ដោយ៖ មករាតូច