កណ្តាល៖ បុរសម្នាក់ជ្រើសរើសវិធីបញ្ចប់ជីវិតខ្លួនឯងដោយការចងករសម្លាប់ខ្លួន ព្រោះតែជំពាក់បំណុលគេច្រើនពេកដែលបន្សល់នៅប្រពន្ធ និងកូនៗជាអ្នកដោយស្រាយ។ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៣ នៅភូមិដូនសរ ឃុំគគីរ ស្រុកកៀនស្វាយ។
លោកមេភូមិដូនសរ បានឲ្យដឹងថា បុរសដែលចងក ធ្វើអត្តឃាតខ្លួនឯងខាងលើនេះ ឈ្មោះ យូ សាខន អាយុ៤៧ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ ជាកសិករមានជីវភាពក្រីក្របំផុត ។
បើតាមសំដីរបស់ប្រពន្ធឈ្មោះ វ៉ា ច័ន្ទថា បានឲ្យដឹងថា មុនពេលកើតហេតុ គាត់និងកូនៗ អង្គុយនៅខាងក្រោមផ្ទះ ខណៈនោះបាត់ប្តីមិនដឹងទៅណា គាត់ក៏ឲ្យកូនស្រីបងឡើងលើផ្ទះស្រាប់តែឃើញប្តីចងក.សម្លាប់ខ្លួន ស្លាប់បាត់តែម្តង ។
សូមបញ្ជាក់ថា ជនរងគ្រោះ បានប៉ងធ្វើអត្តឃាតខ្លួនឯងម្តងរួចមកហើយ តែមិនបានសម្រេច រហូតដល់រូបគេបានព្យាយាមម្តង ហើយម្តងនេះទើបសម្រេច ។
បើតាមការឲ្យដឹងពីមេភូមិដូនសរ បានឲ្យដឹងថា ជនរងគ្រោះចងក សម្លាប់ខ្លួនប្រហែលដោយសាររឿងជំពាក់បំណុលគេច្រើនពេក ព្រោះក្រុមគ្រួសារមួយនេះក្រីក្រ ហើយគ្មានដំណោះស្រាយទើបបញ្ចប់ជីវិតខ្លួន ឯងបែបនេះតែម្តងទៅ ។
បច្ចុប្បន្ន សពត្រូវបានអ្នកភូមិ និងអាជ្ញាធរជួយចេញថវិកាដល់ក្រុមគ្រួសារ ឲ្យរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕