បន្ទាយមានជ័យ ៖ ស្ត្រីមានផ្ទៃពោះ៩ខែម្នាក់ស្លាប់ គួរអោយណិតអាសូរដោយសារជំងឺលើសឈាមបានសម្លាប់ ម្តាយ និងកូន កាលពីវេលាម៉ោង៦ និង៣០នាទីព្រឹកថ្ងៃទី១៥ តុលា ២០១៣ បន្ទាប់ពីបុរសជាប្តីនាំទៅកាន់មណ្ឌលសុខភាព សង្ស័យកើតជំងឺលើសឈាម ។
ស្ត្រីរងគ្រោះឈ្មោះឈិន សុរី អាយុ២៩ឆ្នាំ ជាបុគ្គលិកកាស៊ីណូផ្នែកចែកបៀរ មានទីលំនៅក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ តាមប្រភពពីប្តីបានឱ្យដឹងថា ប្រពន្ធរបស់គាត់មិនដឹងថា កើតជំងឺអ្វីទេ គឺនៅម៉ោង៦ព្រឹកនោះ បានក្អកចំនួន២ដង បន្ទាប់មកស្រាប់តែស្ទះបាត់មាត់ឈឹង ក៏បង្កឲ្យមានការភ្ញាក់ផ្អើរដល់អ្នកជិតខាងមកជួយមើល។
បុរសជាប្តីបន្តថា ភ្លាមនោះគាត់និងសាច់ញាតិនាំគ្នាយកទៅគ្លីនិកមួយ ប៉ុន្តែគេមិនទទួលព្រោះឃើញអាការជំងឺមានសភាពធ្ងន់ធ្ងរពេក ហើយបានណែនាំឱ្យបញ្ជូនទៅមណ្ឌលសុខភាពប៉ោយប៉ែត១ដែលនៅក្បែរនោះ ។ ពេលមកដល់មណ្ឌលសុខភាពនោះ ក្រុមគ្រូពេទ្យដាក់អុកស៊ីហ្សែនឱ្យហើយ តែនារីរងគ្រោះបានដាច់ខ្យល់បាត់ទៅហើយ ។
សាកសពត្រូវក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ក្រោយពេលសមត្ថកិច្ចពិនិត្យឃើញថា ស្ត្រីរងគ្រោះខាងពិតជាបានស្លាប់ដោយសារជំងឺលើសឈាមមែននោះ៕
» ព័ត៌មានជាតិ » ជំងឺលើសឈាមផ្តាច់ជីវិតស្រី្តមានផ្ទៃពោះ៩ខែ ទាំងម្តាយនិងកូនគួរសង្វែក