ភ្នំពេញ ៖ កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៣ នៅគល់ស្ពានព្រះមុនីវង្សថ្មីខាងលិច សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
រថយន្ដ បង្កម៉ាកហ៊ីណូពណ៌ស-ខៀវ ពាក់ស្លាកលេខស្វាយរៀង ៣A-១០២៥ អ្នកបើកបររត់គេចបាត់ ប៉ុន្ដែនៅក្នុងរថយន្ដមានបន្សល់ទុកឯកសារដែលសមត្ថកិច្ចសន្និដ្ឋាន ថា ជាអ្នកបើកបរមានឈ្មោះ ប៉ែន ជា អាយុ៣២ឆ្នាំ មានទីលំនៅភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌមានជ័យ។
លោក វរសេនីយ៍ទោ ទិត ចំរើន ប្រធានផ្នែកនគរបាលសណ្ដាប់ធ្នាប់ចរាចរខណ្ឌមានជ័យ បានឱ្យដឹងថា មុនពេលកើតហេតុរថយន្ដបង្កដឹកថ្មពេញបើកឡើងស្ពានក្នុងទិសដៅពី លិចទៅកើត ប៉ុន្ដែពេលកំពុងបើកឡើងនោះ អ្នកបើកបរមិនបានប្រើប្រាស់លេខសម្រាប់ឡើងទួលនោះទេ គឺប្រើលេខ៥បើកឡើងចំណោទ។ ពេលមកដល់ជិតពាក់កណ្ដាល ស្ពានធ្វើឱ្យរថយន្ដឡើងមិនរួច គ្រានោះអ្នកបើកព្យាយាមបុកចូលលេខសម្រាប់ឡើងចំណោទ តែបុកមិនចូលធ្វើឱ្យរថយន្ដរអិលថយក្រោយចម្ងាយជាង២០ម៉ែត្រ ហើយអ្នកបើកបរបានបួងចង្កូតមកខាងស្ដាំដៃស្ពាន ក៏បុកបង្កាន់ដៃស្ពានបាក់អស់១០ផ្ទាំង៕