នៅភាគខាងត្បូងប្រទេសហ្វីលីពីន មានហេតុការណ៍ រញ្ជួយដីកម្រិត៧,២រិចទ័រកើតឡើងនៅព្រឹកថ្ងៃទី១៥ តុលា បណ្ដាលឱ្យមនុស្ស៤នាក់ បាត់បង់ជីវិតនិងរាប់សិបនាក់ផ្សេងទៀតរងរបួស ។ ក្រុមផែនដីវិទ្យាអាមេរិកបានប្រកាសថា រញ្ជួយដីនោះមានជម្រៅ៥៦,៨គីឡូម៉ែត្រនៅជុំវិញកោះ Bohol ភាគខាងជើងកោះ Mindanav ។
មន្ដ្រីប៉ូលិសក្នុងតំបន់បានឱ្យដឹងថា នៅពេលនេះមានមនុស្ស៤នាក់បាត់បង់ជីវិត ក្រោយការរញ្ជួយដី៧,២រិចទ័រ បណ្ដាលឱ្យអគារ១ខ្នងនៅតំបន់ Cebu បាក់ស្រុត ។ រញ្ជួយដីនោះបណ្ដាលឱ្យមានការខូចខាតយ៉ាងដំណំ នៅពេលនេះមន្ដ្រីទទួលខុសត្រូវកំពុងតែយកតួលេខពីការខូចខាតបណ្ដាល មកពីរញ្ជួយដីនោះ។
មជ្ឈមណ្ឌល ប្រកាសអាសន្នពីរលកស៊ូណាមិប្រចាំតំបន់ប៉ាស៊ីហ្វិក បានឱ្យដឹងថា ទោះបីគ្មានការប្រកាសអាសន្នពីរលកស៊ូណាមិ ប៉ុន្ដែការរញ្ជួយនោះអាចបង្កឱ្យមានរលកធំៗ បំផ្លាញឆ្នេរសមុទ្រនៅជុំវិញជិតកន្លែងរញ្ជួយដីប្រមាណ១០០គីឡូម៉ែត្រ ។
ថ្មីៗនេះដែលប្រទេសហ្វីលីពីនប្រឈមនូវការរញ្ជួយដីជាច្រើនលើក ។ កាលពីខែមេសាក៏មានការរញ្ជួយដីកម្រិត ៦,១រិចទ័រនៅតំបន់កោះ Batan ។ កាលពីចុងខែឧសភា ក៏មានការរញ្ជួយដីនៅជិតប្រជុំកោះ Luson ផងដែរ ប៉ុន្ដែមិនបណ្ដាលឱ្យមានអ្នកស្លាប់នោះឡើយ ទើបតែហេតុការចុងក្រោយនេះទេ ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់៕