កំពង់ចាម ៖ យ៉ាងហោចណាស់ក៏មានដាយសាច់អួនចំនួន៥មាត់ប្រវែង៣៥០ម៉ែត្រជាឧបករណ៍នេសាទដែលច្បាប់ ជលផលហាមឃាត់ត្រូវបានបង្ក្រាប និងរឹបអូសយកមកបំផ្លាញចោល ដោយនគរបាលសេដ្ឋកិច្ចខេត្ត ។
ការចុះប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងដោយកម្លាំងនគរបាលសេដ្ឋកិច្ចខេត្តសហការជាមួយនគរបាលប៉ុស្តិ៍ ក្រោយពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ។ ការចុះបង្ក្រាបនេះធ្វើឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹករហូត ដល់រសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៣ នៅចំណុចភូមិទួលគរ និងចំណុចស្ពានព្រែកជីក ស្ថិតក្នុងឃុំទន្លេបិទ ស្រុក
ត្បូងឃ្មុំ ខេត្តកំពង់ចាម។
លោកវរសេនីយ៍ ហុង ណាក់ បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា នៅចំណុចខាងលើមានបទល្មើសនេសាទខុសច្បាប់ រូបលោកបានសុំគោលការណ៍ពីលោកឧត្តមសេនីយ៍ទោ ឆាយ គឹមសុន ស្នងការនគរបាលខេត្តកំពង់ចាម និងលោកវរសេនីយ៍ឯក ឆាយ សុខា ស្នងការរងទទួលផែនប្រឆាំងបទល្មើស លោកបានដឹកនាំកម្លាំងជំនាញចុះ សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំទន្លេបិទ ស្រុកត្បូងឃ្មុំធ្វើការបង្ក្រាបបានដាយសាច់អួនចំនួន៥មាត់ ប្រវែង៣៥០ម៉ែត្រ ហើយបានសហការទៅកាប់បំផ្លាញចោលនៅនឹងកន្លែងចំនួន៣មាត់ និងយកមករក្សាទុកបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម២ មាត់ ។
លោក ហុង ណាក់ បានឲ្យដឹងទៀតថា ចំពោះម្ចាស់ឧបករណ៍នេសាទខុសច្បាប់ខាងលើមុនពេលកម្លាំងធ្វើការ បង្ក្រាបបានរត់អស់ ចំណែកត្រីតូចធំដែលជាប់ក្នុងដាយសាច់អួនខាងលើត្រូវបានលែងចូលក្នុងទន្លេវិញ ៕ដោយ៖ សហការី
» Breaking News, ព័ត៌មានជាតិ » នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបង្ក្រាបបទល្មើសនេសាទនៅឃុំទន្លេបិទ