បាត់ដំបង៖ ប្រតិបត្តិការ សម្រុកធ្វើ ទាំងយប់ទាំងថ្ងៃគ្មានការសម្រាក របស់ក្រុមការងារ បានធ្វើឡើងតាមរយៈការដឹកជញ្ជូនដុំថ្មធំៗ និងដីចាក់លុបមាត់ទឹក ដែលមានប្រវែង៣០ម៉ែត្រ និងជម្រៅ៣ម៉ែត្រ។ ការចាក់ដុំថ្ម ដើម្បីភ្ជិតមាត់ទឹក នៃអាងកំពីងពួយ មិនងាយស្រួល ដូចអានកាសែត ឬមើលទូរទស្សន៍នោះទេ វាជាការលំបាកបំផុត ទំរាំបិទ
ជិតជាស្ថាពរនោះ។
ក្រោយពីបាន បញ្ចេញប្រតិបត្តិការ ទាំងយប់ ទាំងថ្ងៃ ដោយគ្មានការសម្រាករួចមក នៅវេលាម៉ោង ប្រមាណ៣ទៀបភ្លឺចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៣ ការបិទភ្ជិតមុខទឹក អាងកំពីងពួយ ដែលមានទីតាំងស្ថិតនៅ ស្រុកបាណន់ ខេត្តបាត់ដំបង បានបញ្ចប់ជាស្ថាពរ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី សំណាក់លោករដ្ឋមន្ត្រី លឹម គានហោ ។
ក្រុមការងារ របស់ក្រសួងធនធានទឹក បានយកដើមឈើដ៏ធំ និងមានប្រវែងប្រមាណ៥ម៉ែត្រ ទៅដាក់កាត់ទទឹង ដើម្បីកុំឲ្យទឹកហូរខ្លាំងពេក ងាយស្រួលចាក់ថ្មចូល ប៉ុន្តែដោយសារតែ កម្លាំងទឹកហូរខ្លាំងពេក ដើមឈើដែលអេស្កាវ៉ាទ័រ ទម្លាក់កាត់ទទឹងនោះ ក៏ហូរទៅក្រោមបាត់ដែរ។ ឃើញដូច្នេះ លោករដ្ឋមន្ត្រី លឹម គានហោ បានណែនាំឲ្យក្រុមការងារ របស់លោកដែលកំពុងប្រតិបត្តិនោះ ព្យាយាម និងរិះរកវិធីសាស្ត្រថ្មី ដើម្បីបិទភ្ជិតឲ្យខាងតែបាន។
ដោយសារមានអ្នកមានជំនាញ និងធ្លាប់ឆ្លងកាត់ការងារជាច្រើនលើក ទើបក្រុមការងារបិទភ្ជិតមាត់អាង ដោយដាក់ថ្ម និងដីក្រាលពីលើ បានបញ្ចប់ជាស្ថាពរនិងជោគជ័យ នៅវេលាម៉ោងប្រមាណ៣ទៀបភ្លឺឆ្លងចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៣។
តាមការពិនិត្យជាក់ស្តែង របស់អ្នកយកព័ត៌មាន អរិយធម៌ តាំងពីថ្ងៃរហូតដល់យប់ ឃើញថា ការចាក់ភ្ជិតមាត់ទឹក ពីចំណុចចាប់ផ្តើម គឺមានភាពងាយស្រួលបន្តិច ដោយមុខកាត់ នៃមាត់ទឹកមានទំហំធំ ដូច្នេះល្បឿននៃទឹកហូរ មិនសូវខ្លាំងនោះឡើយ។ ប៉ុន្តែអ្វីដែលមានការលំបាក កាន់តែខ្លាំងនោះ គឺនៅពេលចាក់បិទជិតមាត់ទឹកជិតដល់ត្រើយម្ខាង គឺល្បឿនទឹកហូរកាន់តែខ្លាំង ព្រោះមុខទឹកកាន់តែតូច ធ្វើឲ្យល្បឿនទឹកបុកកាន់តែខ្លាំង ហើយបើយកដុំថ្មធំៗ ទៅចាក់ចូលយ៉ាងណាក្តី ក៏មិនអាចទប់នឹងកម្លាំងទឹកបុកបានដែរ ពីព្រោះទឹកហូរខ្លាំងណាស់ និងមានជម្រៅជ្រៅ។
លោក លឹម គានហោ ដែលចុះមកបញ្ជាផ្ទាល់ នៅទំនប់អាងកំពីង ពួយ បានមានប្រសាសន៍ថា ប្រតិបត្ដិការបិទភ្ជិត មុខអាង បានធ្វើឡើងទាំងយប់ទាំងថ្ងៃ ដោយប្រើគ្រឿងចក្រ ប្រមាណ ២០គ្រឿង ដើម្បីដឹកជញ្ជូនថ្មនិង ដីយកមកចាក់ភ្ជិត ។ លោកបានបន្ដថា សម្រាប់ការចំណាយទូទៅ គឺការទិញថ្មជាង ៣០០រថយន្តបែន ក្នុងមួយរថយន្ដតម្លៃ ៧០ដុល្លារទោះជាយ៉ាងណា ក៏លោកបានអះអាងថា នេះ ជាការបិទភ្ជិតមាត់អាង ជាបណ្ដោះអាសន្ន ខណៈដែលទំនប់អាងមួយនេះ ស្ថិតក្រោម ការជួសជុល រវាងរដ្ឋាភិបាលកូរ៉េ និងរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងធនធាន ទឹក ។
មន្ត្រីក្រសួងធនធានទឹក បានថ្លែងឲ្យដឹងថា អាងទឹកកំពីងពួយ ជាកន្លែងស្តុកទឹក សម្រាប់ស្រោចស្រពដ៏ធំមួយ នៅក្នុងខេត្តបាត់ដំបង និងជារមណីយដ្ឋានដ៏ ទាក់ទាញ មួយផងដែរ ស្ថិតនៅក្នុងឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង មានចម្ងាយ ៣៥គីឡូម៉ែត្រ ពីទីរួមខេត្ត និងចម្ងាយ១៩គីឡូម៉ែត្រ ពីផ្លូវជាតិលេខ៥៧ អតីតផ្លូវជាតិលេខ១០ ត្រង់ចន្លោះភ្នំក្រពើ និងភ្នំទ្រុងមាន់ និងនៅចន្លោះភ្នំពីរ គឺភ្នំគល់ និងភ្នំតាង៉ែន។ ទំនប់អាងកំពីងពួយ មាន បណ្តោយ ៧.៥០០ម៉ែត្រ និងទទឹង ១.៩០០ម៉ែត្រ អាចផ្ទុកទឹកបាន ១១០លានម៉ែត្រគូប ។
ប្រជាពលរដ្ឋនិយាយថា បើពុំមានចំណាត់ការ ភ្លាមៗ ពីសំណាក់លោករដ្ឋមន្ដ្រីក្រសួងធនធានទឹក និងអាជ្ញាធរខេត្ដ បាត់ ដំបង កាយមាត់ទឹក នៃអាងកំពីងពួយទាន់ពេលវេលានោះទេ គ្រោះមហន្ដរាយ អាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរជាងនេះ ប្រសិនបើទំនប់អាងត្រូវបានបាក់ ហើយប្រជាពលរដ្ឋនៅទូទាំងខេត្ដ បាត់ដំបងនឹងរង ផល ប៉ះពាល់យ៉ាងខ្លាំង ។ ប៉ុន្ដែការបើកមាត់ទឹកអាង ដែលមាន បណ្ដោយ ៣០ម៉ែត្រ និងជម្រៅ ៣ម៉ែត្រ គ្រាន់តែប៉ះពាល់ប្រជាពលរដ្ឋនៅផ្នែកខាង ក្រោមជិត ១ពាន់គ្រួសារប៉ុណ្ណោះ ដោយ ប្រជាពលរដ្ឋទាំងនោះ ត្រូវបានអាជ្ញាធរ ខេត្ដជួយជម្លៀសចេញ ទៅកាន់ទីទួលមាន សុវត្ថិភាពរួចស្រេចទៅហើយ ៕ ដោយ៖ ព្រហ្ម ពៅ
» Breaking News, ព័ត៌មានជាតិ » លោករដ្ឋមន្ត្រី លឹម គានហោ និងក្រុមការងារជួយសង្គ្រោះពលរដ្ឋមិនចេះនឿយហត់