កោះកុង៖ ភាពមិនប្រក្រតីជាច្រើនរបស់ក្រុមហ៊ុនទឹកនិងភ្លើងឯកជន ដែលមានជនជាតិថៃផ្តាច់មុខ បានធ្វើឲ្យ មានប្រតិកម្មពីប្រជាពលរដ្ឋរស់នៅក្នុងស្រុកមណ្ឌលសីមា និងក្រុងខេមរភូមិន្ទ ខេត្តកោះកុង ព្រោះតែឈ្មួញថៃ ឈ្មោះសុ ផាផា និងឈ្មួញខ្មែរឈ្មោះប៊ុន ថន បានយកលុយលើសពីសៀវភៅបន្ទុករបស់សាលាខេត្ត ដោយទឹក កំណត់ឲ្យយកជាលុយខ្មែរក្នុង១ម៉ែត្រគូប១៨០០រៀល តែឈ្មួញថៃយកជាង២០០០រៀល រីឯភ្លើងកំណត់ឲ្យយក ៦៥០រៀល បែរជាឈ្មួញថៃយក២០បាតជិត៣០០០រៀល។
ដោយមានការតវ៉ាជាញឹកញាប់ និងសុំឲ្យអាជ្ញាធរពាក់ព័ន្ធជួយដោះស្រាយនោះ ទើបគេឮខាងមន្ទីរឧស្សាហកម្ម រ៉ែនិងថាមពលខេត្ត ប្រជុំបិទទ្វារកាលពីថ្ងៃទី១០ ខែតុលាឆ្នាំ២០១៣ រកដំណោះស្រាយឲ្យប្រជាពលរដ្ឋស្ងប់ចិត្ត ព្រោះអីកន្លងមកទំនងជាមានការត្រូវដង ត្រូវផ្លែគ្នា ជាមួយឈ្មួញបានជាមិនមានដំណោះស្រាយ។ អ្វីដែលមាន ជំលោះ
ជ្រាលជ្រៅនោះ គឺក្រុមហ៊ុនថៃ ឈ្មោះ Duty Free Shop បានគិតលុយទឹក លុយភ្លើង ជាប្រាក់បាត ដោយលុយខ្មែរគេមិនទទួលទេ។ ភ្លើងតម្លៃសាលាខេត្តដាក់ឲ្យលក់ក្នុងតារាងគឺ៦៥០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង តែពួកថៃយកទៅលក់ក្នុងតម្លៃ២០បាត ស្មើនឹងជាង៣០០០រៀល ។ រីឯទឹកឲ្យលក់ក្នុងតម្លៃ១៨០០រៀល ពួកថៃ លក់ឲ្យខ្មែរក្នុងតម្លៃ១៨បាត ស្មើនឹងជាង២០០០រៀល។ ក្នុងកិច្ចប្រជុំបិទទ្វារនោះ ឮគេប្រាប់ថា ខាងមន្ទីរ ឧស្សាហកម្មរ៉ែនិងថាមពលខេត្ត គឺត្រូវឲ្យក្រុមហ៊ុនថៃនោះលក់យកជាលុយខ្មែរ តែគិតអត្រាប្តូរប្រាក់ជាប្រាក់ បាត។
ប្រជាជននិយាយថា គ្មានគិតជាលុយបាតលុយស្អីនោះទេ គឺសាលាខេត្តឲ្យបង់ជាលុយខ្មែរ ប៉ុន្មានត្រូវបង់ប៉ុន នោះហើយ បើថៃមិនព្រមទេ កុំមករកស៊ីស្រុកខ្មែរអី។ គេឆ្ងល់ថា នាពេលកន្លងមកនៅពេលដែលក្រុមហ៊ុនថៃ នោះ ធ្វើខុសពីកិច្ចសន្យាពីតារាងរបស់សាលាខេត្ត ហេតុអ្វីមិនចាត់ការឬមួយដឹងហើយ ឮហើយ សម្ងំសើមមាត់ដែរ នោះ?
ប្រជាជនដាក់ការសង្ស័យថា នេះមកពីអាជ្ញាធរពាក់ព័ន្ធមានការឃុបឃិត ទើបឈ្មួញថៃគេហ៊ានព្រហើន យ៉ាងនេះ ព្រោះខ្មោចស្រុកឲ្យដៃ រឿងអីខ្មោចព្រៃមិនហ៊ាននោះ។ ទោះជាយ៉ាងណាក្តីគេសង្ឃឹមថា កិច្ចប្រជុំបិទ ទ្វារនឹងគិតតែប្រយោជន៍ជាតិ ប្រយោជន៍ប្រជាជនទៅចុះ។ ម្យ៉ាងវិញទៀត សូមឲ្យការប្រជុំនោះភាយចេញនូវ ក្លិនក៏សែនក្រអូប
ទុកជាចំណងដៃដល់ប្រជាជនក្នុងស្រុកមណ្ឌលសីមា និងប្រជាជនក្នុងក្រុងខេមរភូមិន្ទ៕
ដោយ៖តាបណ្ឌិត
» Breaking News, ព័ត៌មានជាតិ » មន្ទីរឧស្សាហកម្មខេត្តកោះកុងប្រជុំបិទទ្វារខ្លាចភាយក្លិនអសោចចេញក្រៅ