ភ្នំពេញ ៖ ក្រុមកម្មករ-កម្មការិនីរោងចក្រប្រមាណ៧០០នាក់នៃរោងចក្រកាត់ដេរសំលៀកបំពាក់មួយយីហោ«សានហ្វុង» ដែល មានទីតាំងស្ថិតក្នុងភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានប្រមូលផ្ដុំធ្វើការតវ៉ាទាមទារលក្ខខណ្ឌការងារចំនួន១០ចំណុច កាលពីព្រឹក១១ ខែតុលា ឆ្នាំ២០១៣ ដើម្បីឲ្យថៅកែគោរពច្បាប់ការងារ។
តាមប្រភពព័ត៌មាន ពីក្រុមកម្មករ បាននិយាយឱ្យដឹងថា ប្រធានរោងចក្រ ខាងលើតែងតែធ្វើបាបកម្ម គាបសង្កត់ ជាពិសេសរឿងថែមម៉ោង និងលុយបន្ថែម ម៉ោង ហើយកន្លងមកប្រធានរោងចក្រ ដែលជាជនជាតិចិនតែងតែមើលងាយ កម្មករ ហើយកម្មករទាំងអស់ក៏នាំគ្នាធ្វើ ការតវ៉ារកដំណោះស្រាយ និងលក្ខខណ្ឌ ការងារចំនួន១០ចំណុច ដែលមានដូច ខាងក្រោមនេះ ៖
១-សូមឱ្យក្រុមហ៊ុនបើកប្រាក់ឈ្នួល ឱ្យកម្មករមុនថ្ងៃទី១០ ជារៀងរាល់ខែ និង ឱ្យបានមុនម៉ោង៤ ។
២-សុំឱ្យក្រុមហ៊ុនផ្ដល់ប្រាក់ថ្លៃបាយ បន្ថែមម៉ោង ក្នុង១ម៉ោង១.០០០រៀល ។
៣-សុំឱ្យក្រុមហ៊ុនផ្ដល់លុយព្រីមឬ ប្រាក់រង្វាន់ទៀងទាត់ជូនកម្មករចំនួន១៥ ដុល្លារក្នុង១ខែ ។
៤-សុំឱ្យក្រុមហ៊ុនផ្ដល់ប្រាក់ស្នាក់នៅ ឬថ្លៃឡានជូនកម្មករចំនួន១៥ដុល្លារក្នុង ១ខែ ។
៥-សុំឱ្យក្រុមហ៊ុនផ្ដលប្រាក់បាយថ្ងៃ ត្រង់៥.០០០រៀលក្នុង១ថ្ងៃ ។
៦-សុំឱ្យក្រុមហ៊ុនកាត់លុយព្រីម កម្មករជាងសមាមាត្រពេលមានច្បាប់ អនុញ្ញាតឈប់សម្រាកត្រឹមត្រូវ ។
៧-សុំឱ្យក្រុម ហ៊ុនបើកប្រាក់ខែមុន ជូនស្ដ្រីមានផ្ទៃពោះ ដើម្បីសម្រាកលំហែ មាតុភាព ដោយយកប្រាក់ខែទាំង១២ខែ មកគិតទូទាត់ ។
៨-សុំឱ្យក្រុម ហ៊ុនអនុញ្ញាតឱ្យស្ដ្រី មានផ្ទៃពោះសម្រាក១ថ្ងៃក្នុង១ខែសម្រាប់ ទៅពិនិត្យផ្ទៃពោះ ដោយរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗនៅដដែល ហើយមិនត្រូវកាត់បំណាច់ឆ្នាំទេ ។
៩-សុំឱ្យក្រុមហ៊ុនផ្ដល់ប្រាក់ថ្លៃបាយ ថ្ងៃបុណ្យ ឬថ្ងៃអាទិត្យ២.០០០រៀលជូន កម្មករ ។
១០-សុំឱ្យក្រុម ហ៊ុនបញ្ឈប់ការបង្ខំ កម្មករធ្វើការបន្ថែមម៉ោង ព្រោះការ ងារបន្ថែមម៉ោងគឺឋិតនៅលើគោល ការណ៍ស្ម័គ្រចិត្ដ មិនថាថ្ងៃបុណ្យ ឬថ្ងៃ បើកប្រាក់ឈ្នួល ។
សូមឲ្យក្រុមហ៊ុនដកឈ្មោះ ចែ ឆេង (Supervisor) ចេញពីក្រុមហ៊ុនព្រោះកន្លងមកនិយាយស្ដីមិនសមរម្យមកលើកម្មករ។
ខណៈដែលកម្មករ ធ្វើការទាមទារតវ៉ានៅមុខរោងចក្រ គេបានឃើញអភិបាលរងខណ្ឌសែនសុខ លោក ម៉ូវ ម៉ានិត និងលោក ជា ខេមា ដែលជំនួសឱ្យលោក លី សាវេត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ ដើម្បីធ្វើការសម្របសម្រួលប៉ុន្ដែរហូតដល់ រសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៣នេះ មិនទាន់មានដំណោះស្រាយយ៉ាងណានោះទេ ៕