ភ្នំពេញ៖ ស្មៀនឃុំ ជាច្រើននាក់ បានអះអាង ស្រដៀងៗគ្នា ថា កញ្ចប់មូលនិធិ អភិវឌ្ឍន៍ឃុំ-សង្កាត់ ដែលរដ្ឋាភិបាល បានទំលាក់ឲ្យ តាមរយៈរតនាគារ ខេត្តកំពង់ឆ្នាំង ខណៈដែលក្រុមហ៊ុន មួយចំនួនបានដេញថ្លៃអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ បាន៥០ទៅ១០០ភាគរយ រតនាគារត្រូវបើកប្រាក់ទូទាត់។ ប៉ុន្តែការ បើកប្រាក់ទូទាត់ត្រូវ លោក
ពេជ្រ រតនា អនុប្រធានរតនាគារឆ្លើយថា មូលនិធិឃុំសង្កាត់ មិនមាននៅក្នុងគណនី រតនាគារខេត្តទេ ការអះអាងបែបនេះ ធ្វើឲ្យក្រុមហ៊ុន មួយចំនួនបានដេញ ថ្លៃវិនិយោគឃុំ-សង្កាត់ មិនមានប្រាក់គ្រប់គ្រាន់ សម្រាប់គម្រោងបន្តហើយនាំគ្នាទំលាយព័ត៌មាន ។សូមអភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដែលទើបតែឡើងកាន់ការថ្មីៗ ពិនិត្យមើល ការងារនេះផង ។ តំណាងក្រុមហ៊ុនមួយចំនួន ដែលដេញថ្លៃវិនិយោគឃុំ-សង្កាត់ បាននិយាយថា មន្ត្រីរតនាគារមួយ ចំនួន ជាមន្ត្រីចូលនិវត្តន៍ គិតតែផល ប្រយោជន៍បក្ខពួក មិនបានគិតផលប្រយោជន៍ជាតិជាធំឡើយ។ លោក កាណុល ចិត្រា ប្រធានរតនាគារខេត្ត បានប្រើមន្ត្រីចូលនិវត្តន៍ម្នាក់ ឈ្មោះ ស សារ៉ាយ កាន់ការងារ ក្នុងការទទួលឯកសារទម្រង់ បែបបទគម្រោងក្នុងការទូទាត់សាច់ប្រាក់ ពេលដែលប្រាក់បុរេប្រទាន ក្នុង៣ខែម្តង សម្រាប់ឃុំសង្កាត់ ទាល់តែមានប្រាក់សំណូកក្រោមតុ យ៉ាងតិច២០ម៉ឺនរៀល ក្នុងឃុំសង្កាត់នីមួយៗ ទើបរបាយការណ៍ គំរោងនោះត្រឹម ត្រូវ បើមិនដូច្នោះទេ ចង់ជំនាញថ្នាក់ណាមកធ្វើ របាយការណ៍ក៏មិនចេះត្រូវដែរ ។ ករណីនេះក៏មានកញ្ញា អួន សុផល ជាទីប្រឹក្សាគម្រោង ហេដ្ឋារចនាសម្ព័ន្ធ ខេត្តកំពង់ឆ្នាំង ចូលដៃចូលជើងដែរ។ ពិសេសលោក អ៊ុក កីឡា នាយកចាត់ការផែនការវិនិយោគក៏ទំនងសើម មាត់សើមកផងដែរ ។
ប្រធាននិងអនុប្រធានរតនាគារ ខេត្តកំពង់ឆ្នាំង កំពុងទទួលរងការរិះគន់ ពីសំណាក់ស្មៀន ឃុំ សង្កាត់ និងក្រុមហ៊ុន ដេញថ្លៃ អភិវឌ្ឍន៍ឃុំ សង្កាត់ជាច្រើននៅក្នុងខេត្ត ។
ករណីខាងលើនេះ ត្រូវបានគេលួចខ្សឹបថា នៅក្នុងជួររតនាគារនោះ គឺនាំគ្នាពុករលួយស៊ីចង្វាក់គ្នាតាំងពីតូច រហូតដល់ធំ។ នេះគឺជាទំលាប់អាក្រក់នៅកន្លែងនោះទៅហើយ រួចក៏វាបានក្លាយទៅជាវប្បធម៌បក្ខពួកនិយម ទាមសែស្រឡាយផងដែរ។ ទាំងអស់នេះត្រូវក្រុមស្មៀនអះអាងថា បើគ្មានភ្លើងក៏គ្មានផ្សែងដែរ ទោះបីជា រំលួចផោមក្នុង
ទឹកក៏វាគង់តែធុំក្លិនមិនស្រួលជាមកលើដែរ។ កាសែតអរិយធម៌មិនអាចសុំការពន្យល់ពី អស់លោកខាងលើបានទេ កាលពីរសៀលថ្ងៃទី១០ខែតុលា២០១៣៕